(ញូដេលី)៖ ក្រុមអ្នកជំនាញនៅក្នុងប្រទេសឥណ្ឌា បាននិយាយថាចំនួនករណីឆ្លង COVID-19 បង្កឡើងដោយមេរោគថ្មីអូមីក្រុង អាចនឹងកើនឡើង យ៉ាងគំហុកនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ខណៈមេរោគបំប្លែងថ្មីនេះបានឆ្លងក្នុងសហគមន៍រួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣០៦,០៦៤នាក់ និងស្លាប់ថ្មី ៤៣៩នាក់ ដែលអត្រាឆ្លង និងស្លាប់នេះមានការថយចុះបន្តិចធៀបទៅនឹងកាលពីជាង៥ថ្ងៃមុន។ អត្រាតេស្ដវិជ្ជមាន COVID-19 បានកើនដល់ ១៧.០៣ភាគរយ នៅក្នុងសប្ដាហ៍ដែលរាប់មកដល់ថ្ងៃទី២៤ ខែមករានេះ បើធៀបទៅនឹង០.៦៣ភាគរយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ឥណ្ឌា គិតត្រឹមថ្ងៃចន្ទ ទី២៤ ខែមករានេះមានអ្នកឆ្លង COVID-19 ចំនួន៣៩.៥លាននាក់ ក្នុងនោះស្លាប់ ៤៨៩,៨៩៦នាក់ និងជាសះស្បើយឡើងវិញ ៣៦.៨០លាននាក់៕