(ប៉ារីស)៖ កិច្ចចរចារវាងរុស្ស៊ី និងបណ្ដាប្រទេសលោកខាងលិច ដើម្បីសាកល្បងបន្ធូរបន្ថយភាពតានតឹងនៅឯតំបន់ព្រំដែនអ៊ុយក្រែន បានទទួល បរាជ័យ ចំពោះមុខការបារម្ភកាន់តែខ្លាំងពីលទ្ធភាពដែលរុស្ស៊ីអាចនឹងប្រើប្រាស់កម្លាំងយោធាលើអ៊ុយក្រែន។ រុស្ស៊ី បានចាត់ទុកសំណុំរឿងអ៊ុយក្រែន គឺជាចំណុចស្លាប់-រស់ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្យាករថាបុរសខ្លាំង វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យកងទ័ពវាយប្រហារលើ អ៊ុយក្រែន បើទោះជាលោក ពូទីនមិនចង់បង្កសង្រ្គាមទ្រង់ទ្រាយធំក៏ដោយ។

បណ្ដាប្រទេសលោកខាងលិចចោទប្រកាន់រុស្ស៊ីថាបានដាក់ពង្រាយកងទ័ពជិត «១សែននាក់» នៅក្បែរតំបន់អ៊ុយក្រែនដែលសកម្មភាពយោធាបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប ព្រមានថាជាការត្រៀមលក្ខណៈធ្វើសង្រ្គាម។ រុស្ស៊ីបានអះអាងថាកងទ័ពរបស់ខ្លួនស្ថិតក្នុងទឹកដីរបស់ខ្លួនឯង តែប៉ុណ្ណោះ និងគ្មានផែនការវាយប្រហារលើប្រទេសដទៃណាមួយឡើយ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា វិមានក្រឹមឡាំងបានព្រមានថារុស្ស៊ីនឹង ចាត់វិធានការឆ្លើយតបទៅនឹងរាល់សកម្មភាពបង្ករឿងពីសំណាក់អ៊ុយក្រែន និង NATO។

សំណួរសំខាន់គឺនៅត្រង់នេះឯង នោះគឺថារុស្ស៊ីចាត់ទុកសកម្មភាពបែបណា ទើបហៅថា «ការបង្ករឿង»? បើតាមក្រុមអ្នកជំនាញ រុស្ស៊ីមើលឃើញថា បច្ចុប្បន្ន ជាឱកាសល្អ ក្នុងការធ្វើសកម្មភាព ដ្បិតថាអឺរ៉ុបកំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19, អាល្លឺម៉ង់ ទើបតែមានមេដឹកនាំថ្មី រី ឯបារាំងកំពុង ត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតី ហើយសហរដ្ឋអាមេរិកកំពុងផ្ដោតសំខាន់លើចិន។ មួយវិញទៀត ចាប់តាំងពីរុស្ស៊ីក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤មក សមត្ថភាពយោធាអ៊ុយក្រែនកាន់តែមានភាពរីកចម្រើនទៅមុខ នៅក្រោមការផ្ដល់ជំនួយពីអាមេរិក និង NATO។ សម្រាប់រុស្ស៊ី អ៊ុយក្រែនគឺជាតំបន់ទ្រនាប់ការពារមួយដ៏សំខាន់ ដូចគ្នាទៅនឹងចិនដែលមិនអាចបាត់បង់តៃវ៉ាន់។

ម្លោះហើយ ក្នុងបរិបទដែលអ៊ុយក្រែនកាន់តែមានខិតជិតទៅរកលោកខាងលិច រុស្ស៊ីមិនអាចឈរមើលអ៊ុយក្រែនមានសមត្ថភាពយោធាខ្លាំងក្លា ដែល អាចនឹងក្លាយជាការគំរាមកំហែង ទៅថ្ងៃក្រោយនោះទេ។ តួយ៉ាង នៅក្នុងសំណើទៅកាន់អាមេរិក និង NATO រុស្ស៊ីបានស្នើឱ្យ NATO បញ្ឈប់ការពង្រីក ឥទ្ធិពលក្នុងតំបន់អឺរ៉ុបខាងកើត និងកុំទទួលយកអ៊ុយក្រែនជាសមាជិក NATO ឱ្យសោះ។

*សេណារីយ៉ូយោធា

ក្រុមអ្នកជំនាញយោធាលោកខាងលិចជាច្រើន សុទ្ធតែយល់ស្របដូចគ្នាថារុស្ស៊ីមានធនធានយោធា និងសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយទម្លុះចូលទឹកដី អ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីទំនងជាមិនប្រើប្រាស់់កម្លាំងយោធា ដើម្បីគ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ ហើយរឿងដែលលោក ពូទីនត្រូវធ្វើនោះកុំឱ្យ មានមនុស្សស្លាប់ច្រើន។ ខាងក្រោមនេះអាចជាជម្រើសយោធារបស់រុស្ស៊ីដែលអាចនឹងវាយលុយតាមទិសទាំង៤៖

ទិសខាងកើត៖ រុស្ស៊ី អាចធ្វើប្រតិបត្តិការវាយលុកបានយ៉ាងងាយស្រួលចេញពីតំបន់ Donbas នៃភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីដែលរុស្ស៊ីកំពុង ផ្ដល់ការគាំទ្រដល់ក្រុមឧទ្ទាមបំបែករដ្ឋ ដើម្បីវាយគ្រប់គ្រងទីក្រុងធំរបស់អ៊ុយក្រែន ដូចជាទីក្រុង Kharkiv និងទីក្រុង Dnipro។

ទិសខាងត្បូង៖ រុស្ស៊ីអាចនឹងគ្រប់គ្រងតំបន់សមុទ្រខ្មៅ ហើយកាត់ផ្ដាច់ផ្លូវទឹកចេញចូលរបស់អ៊ុយក្រែន មុននឹងភ្ជាប់ផ្លូវរបស់កងទ័ពរុស្ស៊ីពីតំបន់ Donbas ទៅកាន់ Transnistria ដែលជាតំបន់ខណ្ឌចែករវាងអ៊ុយក្រែន និងប្រទេសម៉ូលដូវ៉ា (Moldova)។ ចំណែឯ ផ្នែកខាងលិចនៃតំបន់គ្រីមៀ កងទ័ពរុស្ស៊ីអាចនឹងរឹបអូសយកទីក្រុង Marioupol និងទីក្រុង Odessa។

ទិសខាងជើង៖ ទីក្រុងកៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែន ស្ថិតនៅចម្ងាយមិនដល់ ១០០គីឡូម៉ែត្រឡើយ ពីព្រំដែននៃប្រទេសបេឡារុស ជាទីដែល កងទ័ពរុស្ស៊ីកំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា។ នៅក្នុងសេណារីយ៉ូនេះ រុស្ស៊ីអាចនឹងប្រើប្រាស់ទឹកដីបេឡារុស វាយប្រហារលើអ៊ុយក្រែន។

ទិសខាងលិច៖ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក កាលពីពេលថ្មីៗបានបង្ហាញការព្រួយបារម្ភថាកងទ័ពរុស្ស៊ីអាចនឹងធ្វើសកម្មភាពចេញពី តំបន់និយាយភាសារុស្ស៊ី «Transnistria» នៃប្រទេសម៉ូលដូវ៉ា ជាទីដែលទីក្រុងម៉ូស្គូ កំពុងរក្សាកងទ័ពឱ្យឈរជើងចាប់តាំងពីការដួលរលំនៃ
អតីតសហភាពសូវៀតមក។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ, អ៊ុយក្រែនមិនអាចទប់ទល់ជាមួយនឹងរុស្ស៊ីបានឡើយ។ ប៉ុន្តែ បើសង្រ្គាមផ្ទុះឡើងមែន កងទ័ពអ៊ុយក្រែនក៏អាចបង្ក ការខាតបង់ដល់រុស្ស៊ីផងដែរ ខណៈសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបព្រមានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីប្រើកម្លាំងយោធាមែននោះ។ ការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០២១ ធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាទីក្រុងកៀវអន្តរជាតិ (Kyiv International Institute of Sociology) បានបង្ហាញថាប្រជាជនអ៊ុយក្រែនជាបុរស ៥៨ភាគរយ និង១៣ភាគរយជាស្រ្តីបានត្រៀមខ្លួនជាស្រេចដើម្បីកាន់អាវុធប្រឆាំងនឹងរុស្ស៊ី៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២)