(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះត្រូវបានគេរាយការណ៍ថា បានប្រើពាក្យប្រមាថដាក់អ្នកសារព័ត៌មានម្នាក់ មកពីស្ថានីយទូរទស្សន៍ Fox News នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

អ្នកសារព័ត៌មានម្នាក់ខាងលើមកពីស្ថានីយទូរទស្សន៍ Fox News ដែលរងការប្រមាថពីលោក ចូ បៃដិន គឺលោក ភីតឺ ឌូស៊ី (Peter Doocy)។ ពោលគឺនៅពេលអ្នកសារព័ត៌មានទាំងអស់ នាំគ្នាចាកចេញពីបន្ទប់ លោក Peter Doocy បានសួរសំណួរមួយទៅកាន់លោក បៃដិន ថា តើអតិផរណាគឺជាទំនួលខុសត្រូវ នយោបាយដែរឬក៏យ៉ាងណា?

នៅពេលនោះដែរ ដោយភ្លេចបិទសំឡេងម៉ៃក្រូហ្វូន លោក ចូ បៃដិន ត្រូវបានគេស្ដាប់ឮពាក្យសម្តីជេរលោក Peter Doocy ថា «ល្ងង់មែន! កូនមីសំផឹង (stupid son of a bitch)»។ តែទោះជាយ៉ាងណាក៏ដោយ ខាងសេតវិមានបានចេញមុខពន្យល់ភ្លាមៗ និងនិយាយបង្វែរដានថា លោក បៃដិន មិនបានប្រើពាក្យអសុរសបែបនោះទេ៕