(ឡុងដ៍)៖ ការសិក្សាថ្មីមួយទើបតែរកឃើញថា ដូសជំរុញនៃវ៉ាក់សាំង AstraZeneca, Pfizer ឬ Johnson & Johnson ជួយបង្កើនកម្រិតអង់ទីករបានយ៉ាងខ្ពស់ នៅក្នុងខ្លួនអ្នកដែលកន្លងមកបានចាក់វ៉ាក់សាំង Sinovac គ្រប់២ដូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រេស៉ីល និងសាកលវិទ្យាល័យអង់គ្លេស អុកហ្វដ (Oxford) ដែលជាអ្នកចងក្រងការសិក្សាខាងលើ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំង Sinovac ទទួលបានការជំរុញខ្ពស់ជាងគេបំផុតពីវ៉ាក់សាំងប្រភេទ viral vector ឬ mRNA ហើយវាក៏គិតបញ្ចូលទាំងការជួយប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី ដូចជា Omicron និង Delta ផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ AstraZeneca និង Johnson & Johnson គឺជាប្រភេទវ៉ាក់សាំង viral vector ខណៈវ៉ាក់សាំង Pfizer ជាប្រភេទវ៉ាក់សាំង mRNA។ យោងតាមការសិក្សាខាងលើ ការប្រើវ៉ាក់សាំង Sinovac ដដែលជាដូសជំរុញ អាចជួយបង្កើនកម្រិតអង់ទីករដូចគ្នា ប៉ុន្តែការប្រើប្រាស់វ៉ាក់សាំងផ្សេងធ្វើជាដូសជំរុញវិញ គឺទទួលបានលទ្ធផលប្រសើរជាង៕