(វ៉ាស៊ីនតោន)៖ នៅក្រោមបទបញ្ជារបស់ប្រធានាធិបតី លោក ចូ បៃដិន ក្រសួងការពារជាតិអាមេរិក បានដាក់ឱ្យកងទ័ព ៨,៥០០នាក់ ប្រុងជើងការខ្ពស់ ត្រៀមលក្ខណៈដើម្បីដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប នៅក្នុងបរិបទដែលមានការព្រួយបារម្ភកាន់តែខ្លាំងថារុស្ស៊ីអាចនឹងលើកទ័ពសម្រុកចូលអ៊ុយក្រែន។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby រដ្ឋបាលលោក ចូ បៃដិន មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយឡើយទេ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពបន្ថែម ដែលលោកផ្ទាល់ថានឹងត្រូវធ្វើឡើងនៅក្នុងករណីចាំបាច់ ឬប្រសិនបើអង្គការ NATO សម្រេចចិត្តថាត្រូវតែ ធ្វើសកម្មភាពឆ្លើយតបដោយប្រើកម្លាំងភ្លាមៗ ទៅនឹងសកម្មភាពយោធារបស់រុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ លោក John Kirby បានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងធ្វើ គឺជាការធានាចំពោះសម្ពន្ធមិត្ត NATO របស់យើង»។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះនៅតែបញ្ជាក់ជំហរដដែលថាអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែននោះឡើយ ហើយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin គឺជាអ្នកផ្ដល់អនុសាសន៍ឱ្យលោក បៃដិន ចេញបញ្ជាឱ្យកងទ័ព ៨,៥០០នាក់ស្ថិតនៅក្នុងលក្ខណៈ ប្រុងជើងការដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប។ ម្យ៉ាងវិញទៀត លោក John Kirby មិនបានលម្អិតនោះទេថាកងទ័ពអាមេរិកទាំងនេះនឹងត្រូវដាក់ពង្រាយ ទៅកាន់មូលដ្ឋានទ័ពណាខ្លះក្នុងតំបន់អឺរ៉ុបឱ្យបា្រកដ ដ្បិតមិនទាន់មានការសម្រេចចិត្តចុងក្រោយ។

ការប្រកាសខាងលើរបស់ក្រសួងការពារជាតិអាមេរិក កើតមានឡើងនៅចំពេលភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែឡើងកម្ដៅ នៅចំពោះ មុខការចោទប្រកាន់ថារុស្ស៊ីមានផែនការប្រើកម្លាំងយោធាលើអ៊ុយក្រែន។ ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ អង្គការ NATO បាន និងកំពុងបង្កើនការ ដាក់ពង្រាយកងទ័ព និងនាវាចម្បាំង រួមទាំងយន្ដហោះចម្បាំងទៅកាន់បណ្ដាប្រទេសជាសមាជិក NATO ស្របពេលអង់គ្លេស និងអាមេរិក ប្រកាសឱ្យ បុគ្គលិកទូតមួយចំនួន និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសអ៊ុយក្រែន។ ពិតមែនទៅ អ្នកដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងពីរុស្ស៊ីគឺ អ៊ុយក្រែន ឯណោះទេ ដូច្នេះហេតុអ្វីបានជា NATO និងអាមេរិក មិនបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន?

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អង្គការ NATO បាននិយាយថាខ្លួននឹងបង្កើនការដាក់ពង្រាយកងទ័ពទៅកាន់បណ្ដាប្រទេសក្នុងតំបន់បាល់ទិច ដោយ ដាណឺម៉ាក បញ្ជូននាវាចម្បាំងមួយគ្រឿង និងយន្ដហោះចម្បាំង F-16 ជាច្រើនគ្រឿងទៅកាន់ប្រទេសលីទុយអានី រីឯអេស្ប៉ាញបញ្ជូនយន្ដហោះចម្បាំង ៤គ្រឿង ទៅកាន់ប្រទេសប៊ុលហ្ការី និងនាវាចម្បាំង៣គ្រឿង ទៅកាន់តំបន់សមុទ្រខ្មៅ ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធាជើងទឹកជាមួយ NATO ហើយបារាំងក៏បានប្រកាសបញ្ជូនកងទ័ពទៅកាន់ប្រទេសរូម៉ានីផងដែរ។ ព្រមពេលជាគ្នានោះដែរ អគ្គលេខាធិការ NATO លោក Jens Stoltenberg បានលើកឡើងថា NATO នឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារសម្ពន្ធមិត្តរបស់ខ្លួន ហើយនឹងធ្វើការឆ្លើយតបទៅនឹងរាល់ការប៉ុនប៉ងបំផ្លាញ
សន្តិសុខនៅក្នុងតំបន់។

ដោយឡែក នៅឯទីក្រុងម៉ូស្គូវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថា NATO និងសហរដ្ឋអាមេរិក គឺជា អ្នកបង្កឱ្យមានភាពតានតឹងដូចសព្វថ្ងៃ ពោលគឺមិនមែនរុស្ស៊ីនោះទេ។ «អ្វីទាំងអស់ដែលកំពុងកើតឡើង មិនមែនជាអ្វីដែលយើង (រុស្ស៊ី) កំពុងធ្វើនោះទេ តែវាជាអ្វីដែល NATO និងអាមេរិកកំពុងធ្វើ»។ នេះការកត់សម្គាល់លោក ប៉េស្កូវ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ, សហរដ្ឋអាមេរិក និង NATO មិនបានបញ្ជាក់ជំហរការពារអ៊ុយក្រែនត្រង់ៗឡើយ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង ដោយគ្រាន់តែព្រមានរុស្ស៊ីថានឹងប្រឈមមុខនឹងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីព្រោះថាបើសង្រ្គាមផ្ទុះឡើងមែន រុស្ស៊ីនឹងត្រូវទទួលគ្រោះមហន្តរាយ ដូចគ្នាដែរ៕

ប្រភព៖ AP (ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២)