(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បាននិងកំពុងរៀបចំស្រង់យក យន្តហោះចម្បាំង-បំបាំងកាយ F-35C មួយគ្រឿងរបស់ខ្លួន ដែលធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយការចុះចតខុសបច្ចេកទេស កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

បើតាមប្រភពពីកងទ័ពជើងទឹកអាមេរិក, ការចុះចតខុសបច្ចេកទេស ដោយយន្តហោះចម្បាំង F-35C លើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្ស ៧នាក់រងរបួស ខណៈអាកាសយានិកលើយន្តហោះនោះ បានចុចឆ័ត្រយោងលោតចេញពីយន្តហោះ ដោយសុវត្ថិភាព មុននឹងវាធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។

សារព័ត៌មានអាមេរិកមួយបានចេញផ្សាយបទវិភាគ ដោយសម្តែងក្តីព្រួយបារម្ភថា ខ្មោចយន្តហោះចម្បាំង F-35C ខាងលើនេះ អាចនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃចិន ប្រសិនបើកងទ័ពសហរដ្ឋអាមេរិក មិនប្រញាប់ធ្វើការស្រង់វាយកមកវិញទេនោះ។ យ៉ាងណាក៏ដោយ ប្រទេសចិនហាក់មិនទាន់បញ្ចេញប្រតិកម្មអ្វីធំដុំឡើយ ជុំវិញឧប្បត្តិហេតុ ដែលបង្កឡើងដោយកងនាវាសហរដ្ឋអាមេរិក លើកនេះ។

គួរបញ្ជាក់ថា នេះជាគ្រោះថ្នាក់ពាក់ព័ន្ធយន្តហោះត្រកូល F-35 និងនាវាដឹកយន្តហោះចម្បាំងជាលើកទី ២ ហើយ ក្នុងអំលុងពេលជាង ២ខែមកនេះ ដោយលើកទី ១ បានកើតឡើងទៅលើយន្តហោះ F-35 នៃនាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth របស់ចក្រភពអង់គ្លេស ដែលបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕