(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ឆែស (Pedro Sanchez) បានព្រមានថារុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានធ្វើអន្តរាគមន៍យោធាណាមួយនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

រុស្ស៊ី ត្រូវបានបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពជាង ១សែននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ ទីក្រុងម៉ូស្គូ ក៏បាន បដិសេធជាច្រើនលើកផងដែរថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើប្រទេសដទៃឡើយ ហើយបានដាក់សំណើធានាសន្តិសុខពីអង្គការ NATO ក្នុងនោះ រួមមានទាំងកុំទទួលយកអ៊ុយក្រែនជាសមាជិក NATO ខណៈសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្នុងករណីរុស្ស៊ីប្រើ កម្លាំងយោធាលើអ៊ុយក្រែនមែននោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) នៅថ្ងៃពុធសប្ដាហ៍នេះ
លោក Pedro Sanchez បានបញ្ជាក់ដូច្នេះថា «ជាសារមួយដ៏សំខាន់ផ្ញើទៅកាន់រស្ស៊ី នោះគឺប្រសិនបើមានការធ្វើអន្តរាគមន៍យោធា នោះរុស្ស៊ីនឹងត្រូវ ប្រឈមមុខនឹងទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសំណាក់សហភាពអឺរ៉ុប»។ ប៉ុន្តែ លោក Sanchez មិនបានបញ្ជាក់លម្អិតថាទណ្ឌកម្មសេដ្ឋកិច្ច នឹងមានទម្រង់បែបណានោះទេ។

គួរបញ្ជាក់ថា ក្រោយកិច្ចប្រជុំអស់រយៈពេល ៨ម៉ោងរវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះដែរ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ភាគីទាំងពីរបានយល់ព្រម ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តឃ្លាំមើលបទឈប់បាញ់មួយ នៅភាគខាងកើតអ៊ុយក្រែន រហូតដល់កិច្ចប្រជុំជាថ្មីទៀត កើតឡើងនៅខែកុម្ភៈខាងមុខ។

ប្រទេសបារាំងដែលជាម្ចាស់ផ្ទះ បានចាត់ទុកការបោះជំហានខាងលើនេះថា ជា «សញ្ញាវិជ្ជមាន» ខណៈការបន្តបង្កើនចំនួនកងទ័ពដល់រាប់សែននាក់ និងសព្វាវុធធុនធ្ងន់ជាច្រើនទៀត នៅលើទឹកដីរុស្ស៊ីក្បែរព្រំដែនអ៊ុយក្រែននោះ បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច ព្រមានស្ទើរជារៀងរាល់ថ្ងៃ អំពីការត្រៀមវាយប្រហារដោយរុស្ស៊ី លើអ៊ុយក្រែន៕