(ប៊ុយការ៉េស)៖ ប្រធានាធិបតីរ៉ូម៉ានី លោក ក្លោស អ៉ីយ៉ូហាននីស (Klaus Iohannis) កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ប្រទេសលោក កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងបារាំង ជុំវិញមធ្យោបាយដើម្បីបង្កើនចំនួនកងទ័ពរបស់ពួកគេនៅរ៉ូម៉ានី ហើយលោកបានបញ្ជាក់ថា រ៉ូម៉ានីត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលវត្តមានច្រើនជាងមុនរបស់កម្លាំងអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់ថា ខ្លួនបានដាក់កងទ័ពអាមេរិកប្រហែល៨,៥០០នាក់ ឱ្យស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ ដើម្បីរង់ចាំបទបញ្ជាឱ្យដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុបខាងកើត ប្រសិនបើរុស្ស៉ីពិតជាវាយប្រហារលើអ៊ុយក្រែន។ ចំណែកឯបារាំងក៏បានស្នើបញ្ជូនកងទ័ពបន្ថែមផងដែរ ប្រសិនបើចាំបាច់។

លោក Iohannis បានថ្លែងយ៉ាងដូច្នេះថា «ក្រោយសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកនិងបារាំង យើងកំពុងស្ថិតក្នុងការពិភាក្សាគ្នាជាមួយសម្ពន្ធមិត្តទាំងពីរ ដើម្បីរៀបចំមធ្យោបាយច្បាស់លាស់សំដៅឆ្ពោះទៅសម្រេចបាន នូវការបង្កើនវត្តមានយោធារបស់ប្រទេសទាំងពីរនៅរ៉ូម៉ានី។ ខ្ញុំតែងតែនិយាយជារឿយៗថា យើងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលវត្តមានកងកម្លាំងសម្ពន្ធមិត្ត ឱ្យឈរជើងច្រើនជាងមុននៅក្នុងទឹកដីរបស់យើង »។

គួរបញ្ជាក់ថា អង្គការ NATO មានកម្លាំងជើងគោកពហុជាតិសរុបចំនួន៤,០០០នាក់ ដែលឈរជើងនៅក្នុងប្រទេសរ៉ួម៉ានី ចាប់តាំងតែពីឆ្នាំ២០០៤មក។ រីឯសហរដ្ឋអាមេរិក ក៏មានកងទ័ពឈរជើង នៅតាមមូលដ្ឋានដាច់ដោយឡែក ក្នុងប្រទេសរ៉ូម៉ានី និងប៊ុលហ្ការីផងដែរ៕