(វ៉ាស៉ីនតោន)៖ នៅក្នុងជំនួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងគិន (Anthony Blinken) បានជជែកគ្នាដោយផ្តោតទៅលើបញ្ហាអ៊ុយក្រែន ខណៈដែលស្ថានការណ៍បន្តស្ថិតក្នុងសភាពផុយស្រួយដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កំលុងជំនួបខាងលើ លោក វ៉ាង យី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធប្រកាន់ខ្ជាប់ភាពនឹងនរ ហើយអត់ធ្មត់កុំធ្វើសកម្មភាពអ្វី ដែលអាចដុះបញ្ឆេះភាពតានតឹងឱ្យកាន់ក្តៅ និងធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកវិញ ក្នុងកិច្ចសន្ទនានោះ លោក ប្លីងគិន ក៏បានសង្កត់ធ្ងន់ដែរថា ការព្យាយាមបន្ធូរបន្ថយស្ថានការណ៍និងការទូត គឺជាមធ្យោបាយប្រកបដោយការទទួលខុសត្រូវ ដើម្បីបោះជំហានទៅមុខក្នុងវិបត្តិនេះ។

គួរបញ្ជាក់ថា រុស្ស៉ីដែលបានប្រមូលផ្តុំកម្លាំងទ័ព នៅតាមបណ្តោយព្រំប្រទល់ក្បែរៗអ៊ុយក្រែនប៉ុន្មានខែមកហើយនោះ បានទាមទារឱ្យអង្គការ NATO ដកកងកម្លាំងនិងសព្វាវុធចេញពីតំបន់អឺរ៉ុបខាងកើត ហើយដាច់ខាតកុំទទួលអ៊ុយក្រែន ដែលជារដ្ឋមួយរបស់អតីតសហភាពសូវៀត ឱ្យចូលជាសមាជិក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត NATO បានបដិសេធចំពោះសំណើរបស់រុស្ស៉ី ប៉ុន្តែបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកគ្នាជុំវិញប្រធានបទផ្សេងទៀត ដូចជាការគ្រប់គ្រងសព្វាវុធ និងវិធានការកសាងទំនុកចិត្តរវាងគ្នាជាដើម៕