(សេអ៊ូល)៖ កូរ៉េខាងជើងបានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើបាញ់សាកល្បងមីស៊ីលប្រាកដមែន ដែលជាការធ្វើតេស្ដលើកទី៦ នៅក្នុងឆ្នាំ២០២២នេះ ខណៈមានការសង្ស័យជាច្រើនថាទីក្រុងព្យុងយ៉ាងអាចនឹងចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប ICBM ឡើងវិញ។ នេះបើតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដប្រព័ន្ធមីស៊ីលគ្រូសកំណែថ្មីមួយគ្រាប់ និងក្បាលគ្រាប់បំពាក់លើមីស៊ីលមួយគ្រាប់ កាលពីថ្ងៃអង្គារ សប្ដាហ៍កន្លងទៅនេះ។

បើតាម KCNA លោក គីម ជុងអ៊ុន មិនបានចូលរួមទស្សនា ឬអង្កេតការធ្វើតេស្ដដោយផ្ទាល់ឡើយ ប៉ុន្តែលោកបានបំពេញទស្សនកិច្ចទៅកាន់រោងចក្រ ផលិតអាវុធដ៏ធំមួយដែលមិនត្រូវបានបញ្ជាក់ទីតាំងនោះទេ។

គួរបញ្ជាក់ថា នៅចំពោះមុខការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ទីក្រុងព្យុងយ៉ាងត្រូវបានគេសង្ស័យថាអាចនឹងចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប ICBM ឡើងវិញ ចាប់តាំងពីបានខកខានកាលពីចុងឆ្នាំ២០១៧មក៕