(ប៉េកាំង)៖ សល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡារដូវរងាលំដាប់ពិភពលោកគឺ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើកយ៉ាងឱឡារិកនៅទីក្រុងប៉េកាំង ដែលជាទីក្រុងមួយមានភាពស៊ីចង្វាក់គ្នា ទាំងរចនាបថបុរាណនិងទាន់សម័យរបស់ប្រទេសចិន និងជាទីក្រុងតែមួយគត់លើពិភពលោកយើង នាពេលបច្ចុប្បន្នដែលបានធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនិងរដូវរងា ។

ពិតមែនតែប្រទេសចិនជាប្រទេសធំខាងវិស័យកីឡាក្តី ប៉ុន្តែកីឡារដូវរងាមិនមែនជាប្រភេទកីឡាប្រពៃណីរបស់ចិននោះទេ ព្រោះដោយសារតំបន់ជាច្រើន នៅភាគខាងត្បូងរបស់ប្រទេសចិន ពុំមានអាកាសធាតុធ្លាក់ព្រិលឡើយ ដូច្នេះប្រជាពលរដ្ឋមិនសូវពេញនិយម ក្នុងការលេងកីឡារដូវរងាឬកីឡាព្រិលទឹកកកនោះទេ ឯកីឡាករដែលជំនាញខ្លាំងខាងវិញ្ញាសាកីឡាព្រិលទឹកកក ក៏មិនសូវមានច្រើនដូចកីឡារដូវក្តៅនោះដែរ។

អាស្រ័យហេតុនេះ ពេលស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវទិសដៅមួយ ឬក៏អាចនិយាយបានថាជាកិច្ចសន្យាមួយរបស់ប្រទេសចិន ពោលគឺឆ្លងតាមរយៈការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា ប្រទេសចិននឹងជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិន៣ រយលាននាក់ចូលរួមលេងកីឡាព្រិលទឹកកក។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានប្រកាសថាទីក្រុងប៉េកាំងជាប់ឆ្នោតជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ២៤ ឆ្នាំ ២០២២ គេសង្កេតឃើញថានៅទូទាំងប្រទេសចិន ជាពិសេសគឺក្រុងប៉េកាំងនិងក្រុងចាងជាខូវ ដែលសហការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា បានឈានចូលដំណាក់កាលត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតយ៉ាងដុតដៃដុតជើង ដោយឈរលើមូលដ្ឋាននៃទស្សនៈរៀបចំការប្រកួតបែប «បៃតង, ចែករំលែក, បើកទូលាយ, ស្អាតស្អំ»

ស្របតាមពាក្យស្លោក «ឆ្ពោះទៅអនាគតជាមួយគ្នា» ប្រទេសចិនបានត្រៀមរៀបចំការប្រកួត ដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍អន្តរជាតិ។ បច្ចុប្បន្ន ពិតមែនតែពិភពលោកនៅតែស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសចិនបានសម្រេចនូវទិសដៅរបស់ខ្លួន ពោលគឺក្នុងរយៈពេលជាង ៦ឆ្នាំ នៃការត្រៀមរៀបចំការប្រកួត មានប្រជាជនចិនជាង ៣រយលាននាក់ បានចូលរួមលេងកីឡាព្រិលទឹកកក។ ចំណែកឯការងារគ្រប់ផ្នែកបានដំណើរការយ៉ាងរលូន គ្រប់កីឡដ្ឋានស្តង់ដាលំដាប់អន្តរជាតិទាំងអស់ បានត្រៀមខ្លួនរួចស្រេចនិងកំពុងទន្ទឹងរង់ចាំ វត្តមានរបស់គណៈប្រតិភូកីឡានិងទស្សនិកជនដើម្បីរួមគ្នា សម្រេចក្តីសុបិនអូឡាំពិកនៅលើទឹកដីដ៏បុរមបុរាណនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺគ្រប់កីឡដ្ឋាន សម្រាប់រៀបចំការប្រកួតលើកនេះ សុទ្ធតែប្រើប្រាស់អគ្គិសនីដើរដោយថាមពលខ្យល់ ដែលជាថាមពលបៃតង១០០% នេះជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃកីឡាអូឡាំពិក។ ម៉្យាងវិញទៀត បរិក្ខារជាច្រើនសម្រាប់រៀបចំការប្រកួតក្នុងកីឡដ្ឋានទាំងអស់ នឹងត្រូវរក្សាទុកជាអចិន្ត្រៃយ៍សម្រាប់ការហ្វឹកហាត់របស់កីឡាករ និងជារមណីយដ្ឋានសម្រាប់មហាជនទៅលេងកម្សាន្តកីឡាព្រិលទឹកកក នេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិករដូវរងាផងដែរ។

ពិតមែនតែក្នុងដំណើរត្រៀមរៀបចំព្រឹត្តិការណ៍អូឡាំពិករបស់ប្រទេសចិន ត្រូវបានអ្នកនយោបាយមួយចំនួនរបស់បស្ចិមប្រទេសធ្វើពហិការខាងការទូត ឬរកលេសគ្រប់បែបយ៉ាងក្នុងចេតនាបង្កការរំខានក្តី ប៉ុន្តែសំឡេងសច្ចធម៌ដ៏ច្រើនលើសលប់ ដែលប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មកីឡា និងគាំទ្រការគាំពារភាពបរិសុទ្ធនៃកីឡា និងស្មារតីអូឡាំពិកបានបន្លឺឡើងពាសពេញពិភពលោក។

ជាក់ស្តែង ថ្នាក់ដឹកនាំនិងប្រធានគណៈកម្មាធិការអូឡាំពិកនៃប្រទេសជាច្រើន សុទ្ធតែបានរំពឹងទុកថាស្មារតីអូឡាំពិកនឹងជួយជំរុញ ប្រជាជននៃប្រទេសនានាឱ្យកាន់តែមានសាមគ្គីភាព តាមរយៈការចូលរួមជាមួយកីឡាអូឡាំពិក ស្របតាមបាវចនាថ្មីនៃកីឡាអូឡាំពិកគឺ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង—កាន់តែសាមគ្គី»។ ជាពិសេស ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់នឹងយាងចូលរួម ពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះមហាមិត្តចិនដែលជាមិត្តដែកថែបនិងស្មារតីអូឡាំពិក។

ដោយឡែក ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីប៉ុន្មានថ្ងៃមុន លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកឡើងថា ការងារតៀមគ្រប់ផ្នែកសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ បានដំណើរការយ៉ាងរលូន វិធានការបង្ការជំងឺឆ្លងមានប្រសិទ្ធភាពខ្ពស់ ទស្សនៈរៀបចំការប្រកួតតាមបែបនិរន្តរភាពគួរឱ្យកោតស្ញប់ស្ញែង។ លោកក៏បានសម្តែងការកោតសរសើរខ្ពស់ចំពោះប្រសិទ្ធភាពការងារ ការតាំងចិត្តនិងភាពក្លៀវក្លារបស់ប្រទេសចិន ក្នុងនាមជាម្ចាស់ផ្ទះលើកនេះផងដែរ ។

ការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ២០០៨ បានបិទបញ្ចប់ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ចំពោះប្រជាជនចិននិងប្រជាជនលើពិភពលោករហូតមកទល់បច្ចុប្បន្ន។ ជឿជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងា ក៏នឹងនាំមកនូវទស្សនីយភាពដ៏ប្លែកអស្ចារ្យ ជូនពិភពលោកផងដែរ។ យ៉ាងណាមិញ មិនថាជាម្ចាស់ផ្ទះឬក៏ជាអ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិកនោះទេ គោលដៅចម្បងមិនមែនស្ថិតត្រង់តែ ការល្បងសមត្ថភាពគ្នាយកចាញ់ឈ្នះនោះទេ ពោលគឺការលើកស្ទួយស្មារតីអូឡាំពិក និងការទទួលបាននូវការបំផុសគំនិតពីស្មារតីអូឡាំពិក ទើបជារឿងដែលកាន់តែមានន័យ ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា «បើធៀបទៅនឹងចំនួនមេដាយ ខ្ញុំកាន់តែយកចិត្តទុកដាក់លើ ការដែលការប្រកួតកីឡាអូឡាំពិករដូវរងា បានបញ្ចូលកម្លាំងចលករនិងភាពរស់រវើកដល់ប្រទេសចិន»

អ្វីដែលគួរឱ្យកត់សម្គាល់គឺការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ត្រូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អាស្រ័យហេតុនេះ ក្រៅពីការចូលរួមការប្រកួត គណៈប្រតិភូកីឡានៃបណ្តាប្រទេសនានា ក៏អាចដកបទពិសោធន៍ពីអរិយធម៌ និងវប្បធម៌ចិនដ៏ល្អផូរផង់ ដែលមានអាយុកាលជាង ៥,០០០ឆ្នាំផងដែរ ។ វប្បធម៌គឺជាចំណងគ្មានស្រមោលដ៏សក្តិសិទ្ធិ ក្នុងការតភ្ជាប់និងរឹតបន្តឹងមិត្តភាពរវាងមនុស្ស ដែលមានជាតិសាសន៍ទីទៃគ្នា ពិសេសក្នុងបរិបទជំងឺកូវីដ-១៩ វប្បធម៌កីឡាអូឡាំពិកនឹងដើរតួនាទីជំរុញសាមគ្គីភាពនិងភាតរភាព រវាងអត្តពិលនិងប្រជាជននៃបណ្តាប្រទេស ដើម្បីរួមគ្នាយកឈ្នះលើជំងឺឆ្លង ឆ្ពោះទៅអនាគតជាមួយគ្នា ឆ្ពោះទៅរកការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន