(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្ដីពីស្ថានការណ៍តានតឹងបច្ចុប្បន្ន នៅឯតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសេតវិមាន, លោក ចូ បៃដិន បានអះអាងឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ក្នុងនោះរួមមានទាំងការគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក បៃដិនក៏បានព្រមានលោក ហ្សេឡិនស្គីផងដែរថារុស្ស៊ីអាចនឹង បើកការវាយប្រហារលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈខាងមុខ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ដដែល ទីក្រុងវ៉ាស៊ីនតោន នៅតែគាំទ្រចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តាមកិច្ចចរចា ទូត Normandy Format ដែលជាយន្ដការការទូតមួយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ រវាងបារាំង អាល្លឺម៉ង់ រុស្ស៊ី និងអ៊ុយក្រែន៕