(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានចេញមុខនិយាយថា ចិនតែងតែជំទាស់ជានិច្ច ចំពោះរាល់ការធ្វើប្រាស្រ័យទាក់ទងគ្នា ទោះក្នុងទម្រង់ណាមួយក៏ដោយ រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក និងអនុប្រធានាធិបតីតៃវ៉ាន់ បានជួបមុខគ្នាមួយភ្លែត នៅឯប្រទេសហុងឌូរ៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានធ្វើការលើកឡើងដូចខាងលើ កំលុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅឯទីក្រុងប៉េកាំង។ មូលហេតុដែលនាំឱ្យមាន ការបញ្ចេញប្រតិកម្មពីទីក្រុងប៉េកាំងបែបនេះ គឺដោយសារអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានជួបសំណេះសំណាលគ្នារយៈពេលខ្លី ជាមួយសមភាគីតៃវ៉ាន់របស់លោកស្រី គឺលោក វីលៀម ឡៃ (William Lai) ក្នុងឱកាសពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីហុងឌូរ៉ាសថ្មី។

គួរបញ្ជាក់ថា ហុងឌូរ៉ាសស្ថិតក្នុងចំណោមប្រទេសសរុបតែចំនួន១៤ប៉ុណ្ណោះ ដែលនៅបន្តទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ។ ប្រធានាធិបតីថ្មីរបស់ហុងឌូរ៉ាស គឺលោកស្រី ស៉ីអូម៉ារ៉ា ខាស្រ្តូ (Xiomara Castro) ធ្លាប់បានលើកឡើងពីគំនិតដោះដៃចោលទីក្រុងតៃប៉ិ ហើយងាកទៅឈោងចាប់ទីក្រុងប៉េកាំងវិញ កាលពីកំលុងយុទ្ធនាការឃោសនាបោះឆ្នោត ក៏ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍នេះ លោកស្រីបានគូសបញ្ជាក់ប្រាប់លោកអនុប្រធានាធិបតីតៃវ៉ាន់ថា ហុងឌូរ៉ាសពិតជាអរគុណចំពោះការគាំទ្ររបស់តៃវ៉ាន់ ហើយសង្ឃឹមថាភាគីទាំងពីនឹងអាចរក្សាទំនាក់ទំនងតទៅមុខទៀត៕