(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីននាថ្ងៃសុក្រនេះ បានឱ្យដឹងថា ហ្វីលីពីននឹងចាប់ផ្តើមទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យចូលក្នុងប្រទេសខ្លួន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ខាងមុខតទៅ ដើម្បីព្យាយាមលើកស្ទួយវិស័យទេសចរណ៍ ដែលបានរងគ្រោះដោយសារតែ វិបត្តិជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

ក្រសួងទេសចរណ៍ហ្វីលីពីន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាជននៃប្រទេសជាង១៥០ ដែលស្ថិតក្រោមគោលការណ៍ចូលមកកាន់ប្រទេសហ្វីលីពីន ដោយមិនចាំបាច់មានទិដ្ឋាការ នឹងត្រូវអនុញ្ញាតឱ្យចូលមកប្រទេសអាស៊ានមួយនេះ នៅថ្ងៃកំណត់ដូចខាងលើ។ រដ្ឋាភិបាលហ្វីលីពីន ក៏នឹងលុបចោលផងដែរ ការតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់ជនជាតិហ្វីលីពីនដែលត្រឡប់ចូលប្រទេសវិញ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ និងសម្រាប់ភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែជាចាំបាច់ ពួកគេត្រូវតែបានទទួលការចាក់វ៉ាក់សាំង ហើយធ្វើតេស្តអវិជ្ជមានចំពោះ COVID-19។

គួរបញ្ជាក់ថា កន្លងមក ប្រទេសហ្វីលីពីនបានគ្រោងបើកទទួល ភ្ញៀវទេសចរបរទេសឡើងវិញ កាលពីខែធ្នូ ចុងឆ្នាំមុនមកម៉្លេះ ប៉ុន្តែផែនការនេះ ត្រូវបានបោះបង់ចោលទៅវិញ ជុំវិញក្តីព្រួយបារម្ភអំពីការលេចឡើងនៃវីរុស COVID-19 បំប្លែងថ្មី Omicron។ ហ្វីលីពីនកំពុងតែចូលរួមជាមួយ បណ្តាប្រទេសអាស៉ីអាគ្នេយ៍ដទៃទៀតដែរ ក្នុងការបើកទ្វារស្វាគមន៍ភ្ញៀវទេសចរសាជាថ្មី ដើម្បីបង្កើនឱកាសការងារ និងជួយស្រោចស្រង់សេដ្ឋកិច្ចជាតិរបស់ពួកគេ៕