(មូស្គូ)៖ អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងមូស្គូនឹងមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែបានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យលោកខាងលិចមកជាន់ឈ្លីផលប្រយោជន៍សន្តិសុខរបស់ខ្លួនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយ៍វិទ្យុរុស្ស៊ីថា «វានឹងមិនមានសង្រ្គាមទេ ព្រោះវាអាស្រ័យលើសហព័ន្ធរុស្ស៊ី ហើយថាយើងមិនចង់មានសង្រ្គាមទេ។ ប៉ុន្តែយើងក៏នឹងមិនបណ្តោយឱ្យផលប្រយោជន៍របស់យើងត្រូវបានគេជាន់ឈ្លី ដោយមិនអើពើឡើយ» ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានមេដឹកនាំអ៊ុយក្រែនមួយថ្ងៃមុននេះថា មាន«លទ្ធភាពច្បាស់លាស់» ដែលថា រុស្ស៊ីនឹងចាត់វិធានការយោធាប្រឆាំងនឹងអតីតរដ្ឋសូវៀតមួយនេះ នៅក្នុងខែកុម្ភៈ៕