(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតរុស្ស៊ីបានថ្លែងថា បុគ្គលិកទូតរុស្ស៊ីសរុប ២៧នាក់ ត្រូវបានបង្គាប់ឲ្យចាកចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ បើពុំដូច្នោះទេ ពួកគេនឹងបាត់បងអភ័យឯកសិទ្ធិការទូត និងត្រូវចាប់ខ្លួនផងដែរ ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ ពួកគេបានត្រលប់ទៅស្រុកកំណើតវិញហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Republic World នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

នេះជាភាពតានតឹងថ្មី រវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ជុំវិញការព្រមានពីលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកកាន់តែខ្លាំងថា រុស្ស៊ីអាចនឹងវាយលុកចូលទៅអ៊ុយក្រែន នៅពាក់កណ្តាលខែកុម្ភៈ។ បុគ្គលិកទូតរុស្ស៊ីខាងលើនេះ ត្រូវបានក្រសួងការបរទេសអាមេរិក បង្គាប់ឲ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ខណៈ ២៨នាក់ទៀត នឹងតម្រូវឲ្យចាកចេញផងដែរ នៅដំណាច់ខែមិថុនា ខាងមុខ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០២១ បានប្រកាសថា ខ្លួននឹងបណ្តេញបុគ្គលិកទូតរុស្ស៊ីសរុប ២៧នាក់ និងក្រុមគ្រួសាររបស់ពួកគេផងដែរ ចេញពីទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដើម្បីឆ្លើយតបនឹងសកម្មភាពប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែន។ រូបភាពនានាបានបង្ហាញអំពី ការធ្វើដំណើររបស់បុគ្គលិកទូតទាំង ២៧នាក់ ចាកចេញពីស្ថានទូតរុស្ស៊ី នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយមានមិត្តរួមការងាររបស់ពួកគេ ជូនដំណើរផងដែរ៕