(វ៉ាស៊ីនតោន)៖ ប្រភពដ៏គួរឲ្យទុកចិត្ត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាក្នុងការ ផ្អាកជំនួយផ្នែកយោធាគិតជាទឹកប្រាក់់ ១៣០លានដុល្លារ ដែលគ្រោងផ្តល់ទៅប្រទេសអេហ្ស៊ីបនោះហើយ ព្រោះតែការព្រួយបារម្ភពាក់ព័ន្ធនឹង បញ្ហាសិទ្ធិមនុស្ស ដែលមិនទាន់ឃើញមានការដោះស្រាយ ឲ្យទទួលយកបាននៅឡើយ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Anthony Blinken) ក៏ធ្លាប់បានបង្កើបរួចមកហើយដែរថា ជំនួយ (យោធា) អាចនឹងត្រូវបង្កកទុក ប្រសិនបើរដ្ឋាភិបាលអេហ្ស៊ីប មិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក្នុងប្រទេសរបស់ខ្លួនទេនោះ។

គួរបញ្ជាក់់ថា ការគ្រោងផ្អាកជំនួយផ្នែកយោធា ១៣០លានដុល្លារ គឺគ្រាន់តែជាជំហានដំបូង ដែលសហរដ្ឋអាមេរិកអាចនឹងដាក់ចេញប៉ុណ្ណោះ។ ប៉ុន្តែបើងាកទៅកាន់ ក្រុមអ្នកឃ្លាំមើល និងការពារសិទ្ធិមនុស្សអន្តរជាតិវិញ ពួកគេបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ផ្អាកជំនួយយោធាដល់ទៅ ៣០០លានដុល្លារឯណោះ ទៅកាន់រដ្ឋាភិបាលអេហ្ស៊ីប ដែលកំពុងដឹកនាំដោយលោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi)។ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ក៏កំពុងគាំទ្រឲ្យលោក ចូ បៃដិន ផ្អាកជំនួយយោធាទៅកាន់អេហ្ស៊ីបផងដែរ៕