(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន) បានថ្លែងថា ចិននិងសហរដ្ឋអាមេរិក អាចធ្លាក់ផុងក្នុងជម្លោះយោធាជាមួយគ្នា ប្រសិនបើអាមេរិកផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ដល់ការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកត្រឹមជាខេត្តមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក លោក ឈីន កាង (Qin Gang) បានថ្លែងដូចខាងលើ ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយវិទ្យុអាមេរិក National Public Radio។ លោក Qin បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា បញ្ហាតៃវ៉ាន់គឺជាប្រអប់រំសេវដែលធំបំផុត នៅក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ ប្រសិនបើអាជ្ញាធរតៃវ៉ាន់ ក្រោមការជំរុញគាំទ្រពីអាមេរិក នៅតែបន្តដើរលើផ្លូវឆ្ពោះទៅរកឯករាជ្យភាព នោះវាមុខជានឹងត្រូវរុញច្រានកំពូលមហាអំណាចទាំងពីរ ឱ្យធ្លាក់ក្នុងជម្លោះយោធាមិនខានឡើយ»។

គួរបញ្ជាក់ថា ចិនមិនដែលទុកចោលនោះទេ នូវជម្រើសនៃការប្រើប្រាស់កម្លាំងបាយ ដើម្បីនាំយកតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ខណៈដែនកោះនេះបានប្តេជ្ញាការពារសិទ្ធិសេរីភាពរបស់ខ្លួនដូចគ្នា។ កន្លងមកក្រុមមន្រ្តីចិនក៏ធ្លាប់ព្រមានជាច្រើនសាផងដែរ អំពីការប្រើសកម្មភាពភាពជុំវិញបញ្ហាតៃវ៉ាន់ ប៉ុន្តែលើកនេះវាហាក់ជារឿងចម្លែកមួយ ដែលទីក្រុងប៉េកាំងបានភ្ជាប់ទៅនឹងសហរដ្ឋអាមេរិកដោយចំៗយ៉ាងដូច្នេះ។ ទោះសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក្តី ប្រទេសមហាអំណាចមួយនេះ គឺជាខ្នងបង្អែកនិងអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់តៃវ៉ាន់៕