(ម៉ូស្គូ)៖ លទ្ធផលនៃការធ្វើជំរឿនប្រជាជនជាប្រវត្តិសាស្ត្រ បានបង្ហាញថា រុស្ស៊ីបានថយចុះចំនួនប្រជាជនរហូតដល់ទៅ ១.០៤លាននាក់ កាលពីឆ្នាំ២០២១ ខណៈអត្រាស្លាប់បានកើនឡើង ក្នុងនោះជំងឺរាតត្បាតសកល COVID-19 ក៏បានរួមចំណែកជំរុញអត្រាស្លាប់នេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

ទិន្នន័យពីរដ្ឋាភិបាលរុស្ស៊ីបានបង្ហាញថា អត្រាស្លាប់នៅទូទាំងប្រទេស ដែលមានផ្ទៃដីធំធេងជាងគេលំដាប់ទី ១ នៅលើពិភពលោកមួយនេះ បានកើនឡើងរហូតដល់ទៅ ១៥.១% កាលពីឆ្នាំ ២០២១ បើធៀបនឹងអត្រាកាលពីឆ្នាំ ២០២០។ ទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីបានអះអាងថា ការស្លាប់បង្កឡើងដោយជំងឺ COVID-19 បានជួយជំរុញឲ្យអត្រាស្លាប់ កើនឡើងកាន់តែខ្ពស់នៅឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រជាជនរុស្ស៊ីជាង ៦៦០,០០០នាក់ បានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 គិតចាប់តាំងពីដើមឆ្នាំ ២០២០ ដែលអ្នកឆ្លងជំងឺនេះ ត្រូវបានរកឃើញដំបូងនៅរុស្ស៊ី។ បន្ថែមពីនេះ កាលពីឆ្នាំ ២០២១ មនុស្សសរុបជាង ២,៤៤៥,០០០នាក់ បានស្លាប់នៅទូទាំងប្រទេសរុស្ស៊ី (ក្នុងនោះក៏បូករួមទាំងអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២១ ផងដែរ)។

បច្ចុប្បន្ននេះ ប្រទេសរុស្សីមានប្រជាជនសរុប ១៤៦,០៣២,២៥៣នាក់ ដែលជាប់លំដាប់ថ្នាក់ទី ៩ លើពិភពលោក ក្នុងនាមជាប្រទេស ដែលមានប្រជាជនសរុបច្រើនបំផុត៕