(វ៉ាស៊ីនតោន)៖ ខណៈកិច្ចចរចាផ្នែកការទូតជាមួយរុស្ស៊ី បានបង្ហាញភាពជាប់គាំងនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបន្តការព្យាយាមដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បន្ថែមទៀត ដោយការប្រកាសអំពីផែនការដាក់ពង្រាយយោធាទ្រង់ទ្រាយតូចមួយ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

ឆ្លើយតបនឹងការអំពាវនាវ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) ឲ្យមេដឹកនាំបណ្តាប្រទេសលោកខាងលិច កុំបញ្ចេញភាពស្លន់ស្លោ ជុំវិញការដាក់ពង្រាយទ័ពរបស់រុស្ស៊ីយ៉ាងច្រើនសម្បើម នៅក្បែរព្រំដែនប្រទេសលោកនោះ, លោក ពូទីន និងប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នាថា នឹងព្យាយាមបន្ធូរបន្ថយស្ថានការណ៍តានតឹង នៅតំបន់អឺរ៉ុបខាងកើតនេះវិញ។

យ៉ាងណាក៏ដោយ ទាំងលោក វ៉្លាឌីមៀ ពូទីន និងសមភាគីអឺរ៉ុប ឬសូម្បីតែសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា សុទ្ធតែបានបង្ហាញចេតនាដូចៗគ្នា នៅក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្តៅគគុក ដែលបានអូសបន្លាយអស់ជាច្រើនសប្តាហ៍មកនេះ។ លោក ពូទីន ក៏បានគូសបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ម៉ាក្រុង ផងដែរថា រុស្ស៊ី «គ្មានផែនការវាយលុក» អ៊ុយក្រែននោះឡើយ។

ទោះជាបែបនេះក្តី លោក ចូ បៃដិន បានអះអាងថា អាមេរិកនឹងបញ្ជូនទ័ពក្នុងទ្រង់ទ្រាយតូច ដើម្បីទៅជួយបង្កើនវត្តមានកងកម្លាំងអង្គការ NATO នៅតំបន់អឺរ៉ុបខាងកើត ខណៈស្ថានការណ៍ជារួម នៅតែបន្តស្ថិតក្នុងភាពផុយស្រួយ។ សហរដ្ឋអាមេរិកមានវត្តមានទ័ព រាប់ម៉ឺននាក់រួចទៅហើយ នៅតំបន់អឺរ៉ុបខាងកើត ហើយមន្ទីរការពារជាតិអាមេរិក បញ្ចកោណបានប្រកាសឲ្យដឹងថា ចំនួនកងទ័ព និងសព្វាវុធរុស្ស៊ី ដែលត្រូវបានដាក់ពង្រាយពេលនេះ គឺអាចគំរាមកំហែង ដល់ប្រទេសអ៊ុយក្រែនទាំងមូលបាន៕