(ញូយ៉ក)៖ ជើងហោះហើររាប់ពាន់ជើងត្រូវបានលុបចោល នៅថ្ងៃសៅរ៍នេះ ខណៈភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែត្រៀមខ្លួនដើម្បីទប់ទល់ព្យុះព្រិល ដែលនឹងបោកបក់យ៉ាងសន្ធប់ ទៅលើបណ្តារដ្ឋជាប់ឆ្នេរសមុទ្រភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

រដ្ឋញូយ៉ក និងរដ្ឋក្បែរខាងផ្សេងៗទៀត កំពុងតែត្រៀមរថយន្តឈូស និងបោសម្អាតព្រិលនៅតាមដងផ្លូវសំខាន់ៗ ដើម្បីទប់ទល់ការកកស្ទះចរាចរណ៍ បង្កឡើងដោយព្យុះព្រិល ដែលនឹងបោកបក់ខ្លាំងនៅចុងសប្តាហ៍នេះ។ បើតាមអាជ្ញាធរអាមេរិក ជើងហោះហើរសរុបជាង ៣,៤០០ជើងហើយ ត្រូវបានលុបចោលសម្រាប់ថ្ងៃសៅរ៍នេះ ទាំងជើងហោះហើរនៅក្នុងស្រុក និងទៅក្រៅប្រទេស។

គួរបញ្ជាក់តាមអាជ្ញាធរអាកាសធាតុអាមេរិក បានព្រមានថា ព្យុះព្រិលនឹងបោកបក់ខ្លាំង ទៅលើតំបន់តំបន់ជាប់ឆ្នេរសមុទ្រនៃរដ្ឋ ញូហេមសឺ (New Hampshir) ទៅដល់រដ្ឋ ខុនណិចធីខឹត (Connecticut) និងរដ្ឋញូយ៉ក (New York) ហើយព្រិលនឹងមានកម្រាស់ក្រាស់ឃ្មឹកតែម្តង។ ជុំវិញបាតុភូតធម្មជាតិខាងលើនេះ អភិបាលរដ្ឋញូយ៉ក និងញូជឺស៊ី (New Jersey) បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈអភិបាលទីក្រុង បូស្តុន (Boston) បានប្រកាសអាសន្នអំពីព្រិល៕