(ម៉ានីល)៖ ការិយាល័យបោះឆ្នោតបានបើកទ្វារហើយ នៅព្រឹកថ្ងៃចន្ទនេះ នៅទូទំាងប្រទេសហ្វីលីពីន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ, ថ្នាក់ខេត្ត និងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន, ប្រជាជនហ្វីលីពីន ៦៥.៧លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស ហើយ ១.៦៩លាននាក់នឹងចូលរួមការបោះឆ្នោតនៅតាមស្ថានទូតហ្វីលីពីននៅឯក្រៅប្រទេស។ ប្រជាជនហ្វីលីពីនអាចទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅ ចន្លោះពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៧យប់ថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា បេក្ខជនប្រធានាធិបតីហ្វីលីពីន ៤រូប ក្នុងចំណោម ១០រូបកំពុងនាំមុខគេ ក្នុងនោះរួមមានទាំងកូនប្រុសច្បងនៃអតីតមេដឹកនាំផ្ដាច់ការ ហ្វីលីពីន គឺលោក ហ្វឺឌីណាន់ ម៉ាកូស ជេ អ (Ferdinand Marcos Jr) ដែលកំពុងប្រជែងដើម្បីយកតំណែងជាប្រធានាធិបតីហ្វីលីពីនថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេដែលចប់អាណត្តិ។

ហ្វីលីពីន តែងតែរៀបចំការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ ជារៀងរាល់ ៦ឆ្នាំម្ដង ដោយរដ្ឋធម្មនុញ្ញនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ថាប្រធានាធិបតីម្នាក់អាចកាន់តំណែងបានតែមួយអាណត្តិមានរយៈពេល ៦ឆ្នាំ។ ដោយឡែក ការស្ទង់មតិចុងក្រោយបំផុតធ្វើឡើង ដោយវិទ្យាស្ថាន Pulse Asia Research ចេញផ្សាយកាលពីខែមីនាកន្លងទៅ បានឱ្យដឹងថា លោក Marcos Jr ទទួលបានអត្រាគាំទ្រពីប្រជាជន ហ្វីលីពីន ៥៦ភាគរយ តាមពីក្រោយដោយអនុប្រធានាធិបតី លោកស្រី Leni Robredo ដែលទទួលបានការគំាទ្រ ២៤ភាគរយ។

នៅក្នុងការបោះឆ្នោតនេះ ប្រជាជនហ្វីលីពីននឹងត្រូវបោះឆ្នោតជ្រើសប្រធានាធិបតី, អនុប្រធានាធិបតី, សមាជិកព្រឹទ្ធសភា ១២រូប, សមាជិករដ្ឋសភា ៣០០រូប និងមន្ត្រីចំនួន ១៨,០០០នាក់ នៅទូទាំងកោះចំនួន ៧,៦០០កោះ ក្នុងនោះរួមមានទាំងចៅហ្វាក្រុង និងអភិបាលតំបន់ផងដែរ៕