(កៀវ)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បាននិយាយថាពិភពលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាឱ្យបានថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបរាជ័យក្នុងសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងដាក់ទណ្ឌកម្ម ប្រឆាំងមូស្គូ រាប់ឆ្នាំទៅមុខផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

លោក ចាស្ទីន ឌ្រូដូ ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ពីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ លោក ឌ្រូដូ បានបញ្ជាក់ដូច្នេះថា «អ្វីដែលលោក ពូទីនត្រូវដឹង នោះគឺបណ្ដាប្រទេសលោកខាងលិចបានប្ដេជ្ញាចិត្តជាដាច់ខាត ហើយយើងនឹងឈរប្រឆាំងទៅនឹងអ្វីដែលលោកកំពុងធ្វើ»។ លោកបន្ថែមថាសង្រ្គាមខុសច្បាប់, ការបង្កភាពតានតឹង និងការឆ្លងបន្ទាត់ក្រហមរបស់ លោក ពូទីន តាមរយៈការជ្រើសរើសឈ្លានពានអ៊ុយក្រែន គឺមានន័យថាពិភពលោកទាំងមូល នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីឱ្យ លោក ពូទីន ទទួលបរាជ័យ។

គួរបញ្ជាក់ថា កិច្ចសម្ភាសន៍របស់លោក ចាស្ទីន ឌ្រូដូ ធ្វើឡើងនាឱកាសដែលបានបំពេញទស្សនកិច្ចឥតព្រាងទុក ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយលោក ហ្សេលេនស្គី ក្នុងទីក្រុងកៀវ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ មួយថ្ងៃមុននឹងរុស្ស៉ីប្រារព្ធទិវាជ័យជម្នះថ្ងៃទី៩ ខែឧសភា នៅថ្ងៃចន្ទសប្ដាហ៍នេះ៕