(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រជាជនរុស្ស៉ីចំនួន ៣៣នាក់ ព្រមទាំងក្រុមហ៊ុនចំនួន ២២ និងនាវាចំនួន ៦៩គ្រឿង ដែលកំពុងដោតទង់ជាតិរុស្ស៉ីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសខាងលើ ក្នុងចំណោមក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក រួមមានធនាគារឧស្សាហកម្មទីក្រុងមូស្គូ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរុស្ស៉ីចំនួន ១០ ព្រមទាំង ប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្ស៉ីចំនួន ៣ទៀតគឺ Channel One Russia, Rossiya-1 និង NTV។ ក្រៅពីនោះ បញ្ជីទណ្ឌកម្មថ្មីខាងលើ ក៏នឹងដាក់បញ្ចូលនាយកប្រតិបត្តិមកពីធនាគារ Sberbank ចំនួន ៨នាក់ និងធនាគារ Gazprombank ចំនួន ២៥នាក់ផងដែរ។

បន្ថែមពីខាងលើ ក្រុមហ៊ុនមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ និងការធ្វើនាវាចរណ៍ ក៏ស្ថិតនៅក្រោមបញ្ជីទណ្ឌកម្មថ្មីខាងលើនេះផងដែរ រួមទាំងនាវាចំនួន ៦៩គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនេះទៀតផង៕