លោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងឈ្នះ ក្នុងថ្ងៃប្រារព្ធទិវាជ័យជម្នះ ក្នុងសង្រ្គាមលោកលើកទី២ (Video inside)

09-05-2022 15:38

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនឹងឈ្នះ ក្នុងសង្រ្គាមជាមួយរុស្ស៉ី ហើយនឹងមិនបោះបង់ ទឹកដីមួយផ្នែកណារបស់ខ្លួនឡើយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ក្នុងថ្ងៃប្រារព្ធទិវាជ័យជម្នះលើក្រុមណាហ្ស៉ីអាល្លឺម៉ង់ (Nazi Germany) នៃសង្រ្គាមលោកលើកទី២ លោក ហ្សេលេនស្គី បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងតស៊ូ ដើម្បីយកជ័យជម្នះថ្មីទៀត, ផ្លូវទៅកាន់ជ័យជម្នះវាពិបាក ប៉ុន្តែយើងមិនបាត់បង់ជំនឿចិត្ត ក្នុងការយកឈ្នះទេ»។ លោកបន្ថែមថា «ប្រជាជនអ៊ុយក្រែន គឺមានសិទ្ធិ និងធ្លាប់ប្រយុទ្ធការពារទឹកដីរបស់ពួកគេជាច្រើនដង ក្នុងប្រវត្តិសាស្រ្ត ដូច្នេះពួកគេមានការសម្រេចចិត្តផ្ទាល់ខ្លួន»

នាឱកាសនោះ លោក ហ្សេលេនស្គី ក៏បានថ្លែងបញ្ជាក់ពីវីរភាព របស់បុព្វបុរសអ៊ុយក្រែន ដែលបានរួមគ្នាជាមួយប្រជាជាតិដ៏ទៃទៀត ដើម្បីកម្ចាត់ក្រុមណាហ្ស៉ី ហើយប្តេជ្ញាថាមិនអនុញ្ញាឲ្យនរណាម្នាក់ បំផ្លាញជ័យជម្នះនេះបានទេ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៉ីក៏បានប្រារព្ធខួបជ័យជម្នះ ក្នុងសង្រ្គាមលោកលើកទី២ របស់សហភាពសូវៀតដែរ ក្រោមវត្តមានរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយមានពិធីព្យុហយាត្រា យោធា ដែលប្រព្រឹត្តទៅនៅឯទីលាន Red Square នៃទីក្រុងមូស្គូ៕