(ម៉ានីល)៖ ឆ្មាំសន្តិសុខ៣នាក់ បានស្លាប់នៅថ្ងៃចន្ទនេះ ពេលដែលក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារលើ មណ្ឌលបោះឆ្នោតមួយកន្លែង ស្ថិតនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីន ខណៈប្រជាជនហ្វីលីពីនរាប់លាននាក់ កំពុងចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រូហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ករណីបាញ់ប្រហារខាងលើបានកើតឡើង មិនយូរប៉ុន្មាននោះឡើយ បន្ទាប់ពីដំណើរការបោះឆ្នោត បានចាប់ផ្តើមប្រព្រឹត្តទៅនៅក្រុង ប៊ូលូអាន់ (Buluan) នៃខេត្តម៉ាហ្គូអ៉ីនដាណាវ (Maguindanao) លើកោះមិនដាណាវ (Mindanao) ដែលជាជម្រកនៃជនប្រដាប់អាវុធជាច្រើនក្រុម។ ក្រៅពីសន្តិសុខ៣នាក់ ដែលបាត់បង់ជីវិត ក៏មានម្នាក់ទៀតទទួលរងរបួស នៅក្នុងការវាយប្រហារផងដែរ។

ប៉ុន្មាននាទីក្រោយករណីខាងលើ ក៏មានផ្ទុះគ្រាប់បែកថែមទៀត នៅក្រុងក្បែរខាងគឺក្រុង សារីហ្វ អាហ្គូអាក់ (Shariff Aguak) ផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ រីឯកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍ផ្ទុះគ្រាប់បែក៥គ្រាប់ នៅក្បែរមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងក្រុង ដាទូ អ៊ុនសេ (Datu Unsay) ដែលស្ថិតក្នុងខេត្ត Maguindanao ដូចគ្នា។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យប៉ូលិសហ្វីលីពីន គិតត្រឹមពេលនេះ មានឧប្បត្តិហេតុពាក់ព័ន្ធនឹងការបោះឆ្នោតចំនួន១៦ករណី ធៀបនឹងកំលុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០១៦ ដែលមានរហូតដល់១៣៣ករណី៕