(ស្តុកខុល)៖ គណបក្សសង្គមប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាចក្នុងប្រទេសស៊ុយអែត នៅថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា គណបក្សនឹងប្រកាសពីជំហររបស់ខ្លួន អំពីការដាក់ពាក្យស្នើសុំ ចូលជាសមាជិករបស់អង្គការណាតូ (NATO) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ការប្រកាសពីការសម្រេចចិត្តរបស់គណបក្សកាន់អំណាច នឹងបើកផ្លូវដល់ស៊ុយអែត ក្នុងការក្លាយជាសមាជិករបស់ NATO។ បើតាមអ្នកនាំពាក្យគណបក្ស លោកស្រី ជូលៀ ហ្រ្គេប (Julia Grabe) បានប្រាប់ AFP ថា «ប្រសិនគណបក្សសង្គមប្រជាធិបតេយ្យគាំទ្រសមាជិកភាពនេះ ប្រាកដណាស់ថានឹងមានសំលេងគាំទ្រភាគច្រើនក្នុងសភា លើការដាក់ពាក្យស្នើសុំនេះ ជាពិសេសពី ប្រទេសជិតខាង គឺហ្វាំងឡង់ ដែលរំពឹងថានឹងធ្វើការសម្រេចចិត្ត នៅប៉ុន្មានថ្ងៃខាងមុខទៀត ក្នុងចូលជាសមាជិកបក្សសម្ព័ន្ធយោធានេះដែរ។

គួរបញ្ជាក់ថា ស៊ុយអែត និង ហ្វាំងឡង់ បានរក្សាអព្យាក្រឹតយោធាមិនចូលបក្សសម្ព័ន្ធ ជាយូរមកហើយ ប៉ុន្តែមតិសាធារណៈក្នុងប្រទេសទាំងពីរ បានផ្លាស់ប្តូរ ក្រោយពីរុស្ស៉ីបើកការវាយប្រហារលើ ទឹកដីអ៊ុយក្រែន ខណៈដែលប្រទេសទាំងពី ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសសមាជិក NATO ផ្សេងទៀតរួចទៅហើយ ហើយក៏ធ្លាប់ចូលរួមធ្វើសមយុទ្ធយោធា និងបេសកកម្មរក្សា សន្តិភាពដែលដឹកនាំ ដោយអង្គការ NATO ផងដែរ៕