(ប៉េកាំង)៖ ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងច្រានចោលយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borell) ស្តីពីការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិសម្រាប់អាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដោយជំរុញឱ្យក្រុមអ្នកនយោបាយសហភាពអឺរ៉ុបបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុងជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

ការបោះឆ្នោតនេះ ត្រូវបានប្រារព្ធឡើងដោយជោគជ័យកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ លោក ចន លី (John Lee) ដែលជាបេក្ខជនតែម្នាក់គត់ត្រូវបានជ្រើសរើសដោយទីក្រុងប៉េកាំង បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ ដោយទទួលបានសំឡេងគាំទ្រ ១,៤១៦សំឡេង ស្មើនឹង ៩៩.១៦% លើសពីគ្រប់គ្រាន់ ដើម្បីកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ទីក្រុងហុងកុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Josep Borrell បានអះអាងថា សហភាពអឺរ៉ុបចាត់ទុកការបោះឆ្នោតនេះថាជា ការរំលោភលើគោលការណ៍ប្រជាធិបតេយ្យ និងពហុនិយមនយោបាយ ដោយហៅវាថា ជាជំហានមួយទៀតក្នុងការរុះរើគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។

ជុំវិញបញ្ហានេះ បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានឆ្លើយតបនៅថ្ងៃចន្ទនេះថា ភាគីសហភាពអឺរ៉ុបមិនគោរពតាមច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងបាននិយាយបង្កាច់បង្ខូចការបោះឆ្នោតរបស់តំបន់រដ្ឋបាលពិសេស (SAR) និងបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រួមទាំងកិច្ចការរបស់ទីក្រុងហុងកុងទៀតផង។

បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប ក៏បានជំរុញឱ្យភាគីសហភាពអឺរ៉ុប គោរពតាមច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រួមទាំងកិច្ចការរបស់ទីក្រុងហុងកុងផងដែរ ដើម្បីចៀសវាងការបំផ្លាញទាំងស្រុងនូវទំនាក់ទំនងចិន-សហភាពអឺរ៉ុប៕