(ម៉ានីល)៖ កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនេះមានន័យថាលោកនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស ទទួលបានសំឡេងគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ ២ដង។ រីឯ លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគេពឹងថានឹងត្រូវចេញផ្សាយ នៅចុងខែឧសភានេះ។

គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត, លោក ម៉ាកូស ជេអ មានអាយុ ៦៤ឆ្នាំ បានសន្យាថាលោកនឹងដោះស្រាយបញ្ហាជាច្រើនដែលជា កង្វល់របស់ប្រជាជនហ្វីលីពីន ក្នុងនោះរួមមានការបង្កើតការងារ, បញ្ហាទំនិញឡើងថ្លៃ និងស្វែងរកឯកភាពជាតិជូនហ្វីលីពីនផងដែរ៕