(សេអ៊ូល)៖ លោក យូន ស៊ុក យុល (Yoon Suk-yeol) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងហើយ នៅថ្ងៃអង្គារនេះ ជាមួយការបើក ទំព័រសករាជថ្មីសម្រាប់កូរ៉េខាងត្បូង ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងពីកូរ៉េខាងជើង រហូតដល់សេដ្ឋកិច្ច និងអតិផរណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ជាអតីតប្រធានរដ្ឋអាជ្ញាម្នាក់ និងជាអ្នកនយោបាយអភិរក្សនិយម មកពីគណបក្សអំណាចប្រជាជន People Power Party, លោក យូន ស៊ុក យុល បានសន្យាថានឹងការពារកូរ៉េខាងត្បូង និងប្រជាជន ៥២លាននាក់ ដោយគោរព និងអនុវត្តមានរដ្ឋធម្មនុញ្ញ កំលុងពិធីស្បថចូលកាន់តំណែងជាផ្លូវការ នៅឯសភាជាតិ។

ការស្បថចូលកាន់តំណែងរបសលោក យូន ធ្វើឡើងនៅចំពេលកូរ៉េខាងជើង បានបង្កើនការធ្វើតេស្ដមីស៊ីលឡើងវិញ ខណៈក្រុមអ្នកជំនាញជាច្រើន ព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឆាប់ៗនេះ។ លោក យូន កន្លងមក បានសន្យាថាលោកនឹងប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះ កូរ៉េខាងជើង ផ្ទុយពីនយោបាយដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានអនុវត្តពេញមួយអាណត្តិរបស់លោក។

គួរបញ្ជាក់ថា មនុស្សច្រើនជាង ៤០,០០០នាក់ បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់អាណត្តិមានរយៈពេល ៥ឆ្នាំ របស់លោក យូន ស៊ុក យុល ក្នុងនោះរួមមានប្រតិភូមកពីសហរដ្ឋអាមេរិក, ចិន និងជប៉ុន៕