(ប៉ូតូម៉ាក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាលោកមានការព្រួយបារម្ភជាខ្លាំង ថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនមានផែនការដកខ្លួនពីសង្រ្គាមអ៊ុយក្រែន ក្នុងពេលនេះទេ ហើយលោកកំពុងពិចារណាថាត្រូវធ្វើអ្វីបន្តទៀត ចំពោះបញ្ហាមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

លោក បៃដិន បានគូសបញ្ជាក់នៅឯកម្មវិធីរៃអង្គាសថវិកានយោបាយនៅជាយក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា « លោក ពូទីនបានជឿខុសថាការឈ្លានពាន លើអ៊ុយក្រែន នឹងបំបែកបំបាក់អង្គការណាតូ (NATO) ក៏ដូចជាសហភាពអឺរ៉ុប (EU)។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបជាច្រើន កាន់តែរួបរួមគ្នា ដើម្បីជួយអ៊ុយក្រែន។

ការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន ត្រូវបានវាយបកវិញកាលពីខែមីនា ដោយការតស៊ូយ៉ាងខ្លាំរបស់កងទ័ពអ៊ុយក្រែន។ រុស្ស៉ី ដែលហៅសង្រ្គាម អ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» បានដាក់ពង្រាយកងទ័ពបន្ថែមទៀតចូល ទៅក្នុងអ៊ុយក្រែន សម្រាប់ការវាយប្រហារដ៏ធំកាលពីខែមេសា នៅតំបន់ភាគខាងកើតនៃប្រទេស ប៉ុន្តែការវាយរុលទៅមុខនៅតែមានការរីកចម្រើនតិចតួចដដែល។

គួរបញ្ជាក់ថា បើតាមលោក បៃដិន លោកពូទីន គឺជាមនុស្សដែលពូកែគណនា តែបញ្ហាដែលលោកព្រួយបារម្ភនៅពេលនេះគឺថា មេដឹកនាំរុស្ស៉ីរូបនេះ «មិនមានផែនការដកខ្លួនពីសង្រ្គាម ក្នុងពេលនេះទេ ហើយខ្ញុំកំពុងព្យាយាមស្វែងរកឱ្យឃើញនូវអ្វីដែលយើងត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហានេះ»