(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៉ីមិនមានគម្រោង បិទស្ថានទូតរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងវិធានការអមិត្តពីសំណាក់បណ្ដាលោកខាងលិច រួមទាំងការបង្កើនការដាក់ទណ្ឌកម្មប្រឆាំង នឹងមូស្គូនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

តាមរយៈការស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA លោក គ្រូសកូ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «វាមិនមែនជាប្រពៃណីរបស់យើងទេ ហើយយើង ជឿជាក់ថាការងារនៃការិយាល័យតំណាងការទូត គឺពិតជាមានសារៈសំខាន់»

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់លោក គ្រូសកូ កើតមានឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសប៉ូឡូញ ត្រូវបានក្រុមអ្នកតវ៉ាប្រឆាំងនឹង សង្រ្គាមអ៊ុយក្រែន យកថ្នាំព័ណ៌ក្រហមជះលើរូបលោក កំឡុងពេលដែលលោកយកកម្រងផ្កាទៅដាក់ នៅទីបញ្ចុះសពយោធាអតីតសហភាពសូវៀត ក្នុងទីក្រុងវ៉ាសូវី ដើម្បីប្រារព្ធខួបលើកទី៧៧ នៃជ័យជម្នះលើក្រុមកងទ័ពណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២៕