(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីទូអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានស្នើឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុង សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកូរ៉េខាងជើង ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញដល់ស្ថាប័នកំពូលដែលមានសមាជិក ចំនួន១៥ប្រទេសមួយនេះ ពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

កូរ៉េខាងជើង បានបង្កើនការបាញ់មីស៊ីលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នាំឲ្យមានការព្រួយបារម្ភពីប្រទេសជិតខាង និងសហរដ្ឋអាមេរិក ហើយក្នុង តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភានេះ, ទីក្រុងវ៉ាស៊ីនតោន បានពិចារណាស្នើឱ្យមានរៀបចំកិច្ចប្រជុំស្តីពីកូរ៉េខាងជើង ចាប់តាំងពី សប្តាហ៍មុនមកម្ល៉េះ ដោយការកំណត់យកថ្ងៃពុធ ទី១១ស្អែកនេះ វេលាម៉ោង ៣រសៀល (ម៉ោងនៅទីក្រុងញូយ៉ក) ដើម្បីរៀបចំកិច្ចប្រជុំ។

បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield), សហរដ្ឋអាមេរិក ចង់ឱ្យក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតក្នុងខែឧសភា ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ ប៉ុន្តែ ចិន និងរុស្ស៊ីដែលមានអំណាចវេតូលើក្រុមប្រឹក្សា បានបង្ហាញជំហរជំទាស់ជាមុនបាត់ទៅហើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំពីឆ្នាំ២០០៦ ហើយក្រុមប្រឹក្សាសន្តិសុខ ក្រោមការជ្រោមជ្រែងពីអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្តាច់មូលនិធិ ឬជំនួយនានា ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕