(ប៉េកាំង)៖ យានដឹកសម្ភារៈ ធានចូវ-៤ (Tianzhou-4) បានចូលចតដោយជោគជ័យ នៅឯស្ថានីយអវកាសចិន ធានកុង (Tiangong) បន្ទាប់ពីវាត្រូវបានបញ្ជូនចេញពីផ្ទៃផែនដី កាលពីព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

គ្រាប់រ៉ុក្កែត ឡងម៉ាច-៧ (Long March 7) ត្រូវបានប្រើប្រាស់ ក្នុងការបាញ់បង្ហោះយានអវកាស Tianzhou-4 ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប វិនចាង (Wenchang) ដែលស្ថិតនៅខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។ ក្រោយការធ្វើដំណើររយៈពេលជាង ៦ម៉ោង វាក៏បានទៅដល់កំណាត់បន្ទប់ស្នូល ធានហ៉ី (Tianhe) នៃស្ថានីយអវកាសចិន Tiangong ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់។

បេសកកម្មដឹកជញ្ជូនសម្ភារៈនេះ គឺដើម្បីត្រៀមសម្រាប់ក្រុមអវកាសយានិកចិន នៃបេសកកម្ម សិនចូវ-១៤ (Shenzhou-14) ដែលនឹងត្រូវឡើងទៅស្នាក់នៅលើស្ថានីយ Tiangong នាខែមិថុនាខាងមុខ។ ការសាងសង់ស្ថានីយអវកាសនេះ បានចាប់ផ្តើមដំបូងបំផុត កាលពីខែមេសា ឆ្នាំ២០២១ តាមរយៈការបង្ហោះកំណាត់បន្ទប់ស្នូល Tianhe ឡើងទៅកាន់ទីអវកាស។ គិតមកទល់ពេលនេះ ចិនបានបញ្ជូនសម្ភារៈចំនួន៣ជើង រួមមានបេសកកម្ម Tianzhou-2, Tianzhou-3 និង Tianzhou-4 ព្រមទាំងបញ្ជូនមនុស្សចំនួន២ជើង រួមមានបេសកកម្ម Shenzhou-12 និង Shenzhou-13 ទៅកាន់ទីនោះ។

គួរបញ្ជាក់ថា Tianzhou-4 គឺជាបេសកកម្មទី៦ ក្នុងចំណោមបេសកកម្មសរុបទាំងអស់ចំនួន១១ ដែលចិនបានគ្រោងដើម្បីឱ្យសម្រេចបាន ស្ថានីយអវកាសរបស់ខ្លួន នៅមុនដំណាច់ឆ្នាំ២០២២នេះ៕