EU កំណត់កាលបរិច្ឆេទ សម្រាប់ការសម្រេចចិត្ត លើបេក្ខភាពជាសមាជិករបស់អ៊ុយក្រែន (Video inside)
10-05-2022 14:36
(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយេន (Ursula von der Leyen) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា អនាគតនៃទ្វីបអឺរ៉ុប ក៏ជាអនាគតរបស់អ៊ុយក្រែនដែរ ហើយទំព័រប្រវត្តិសាស្រ្តបន្ទាប់មកទៀតនៃប្លុកនេះ នឹងត្រូវចារដោយប្រជាជនអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។
ថ្លែងទៅកាន់សភាអឺរ៉ុប ក្នុងទីក្រុង ស្រ្តាស់បឺគ (Strasbourg) លោកស្រី វ៉ុនដឺ ឡេយេន បានគូសបញ្ជាក់ថា ទីក្រុងព្រុចសែល កំពុងទន្ទឹងរង់ចាំទទួលចម្លើយពីអ៊ុយក្រែន ចំពោះកម្រងសំណួរស្តីពីសមាជិកភាពរបស់ខ្លួន ហើយលោកស្រីបានប្រកាសថា គណៈកម្មការអឺរ៉ុបមានបំណងបញ្ចេញមតិ ជុំវិញឋានៈជាបេក្ខភាពសមាជិករបស់អ៊ុយក្រែន នៅខែមិថុនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវបានបញ្ជូនឯកសារកម្រាស់៥០០០ទំព័រ មកឲ្សសហភាពអឺរ៉ុប ដើម្បីត្រួតពិនិត្យហើយ។ បើទោះបីជាបែបនេះក្តី មេដឹកនាំប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាបារំាំង និង អូទ្រីស បានលើកឡើងស្រដៀងគ្នាថា ការសម្រេចបញ្ចូលឲ្យអ៊ុយក្រែន ជាសមាជិកសហភាពអឺរ៉ុបនោះ អាចត្រូវប្រើពេលវេលាច្រើនឆ្នាំទៅមុខទៀត៕