(តូក្យូ)៖ មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ហៅកាត់ថា SLBM ដែលកូរ៉េខាងជើងទើបតែបានបាញ់សាកល្បង កាលពីសប្តាហ៍មុននោះ គឺជាមីស៉ីលម៉ូដែលដូចគ្នាទៅនឹង មីស៉ីល SLBM ដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានធ្វើតេស្តកាលពីខែតុលា ឆ្នាំ២០២១ ដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ កូរ៉េខាងជើងបានបាញ់មីស៉ីលផ្លោងមួយគ្រាប់ ចេញពីនាវាមុជទឹក គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេល ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង គឺលោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) ស្បថចូលកាន់តំណែង។ មួយវិញទៀត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងត្រូវមកបំពេញដំណើរទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូង ក្នុងខែឧសភានេះផងដែរ។

ដោយឡែក នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស្ស៉ី (Nobuo Kishi) បានអះអាងដូច្នេះថា «មីស៉ីលដែលត្រូវបានបាញ់លើកនេះ គឺហាក់ជា មីស៉ីលម៉ូដែលដូចគ្នាទៅនឹង មីស៉ីលផ្លោង SLBM ស៊េរីថ្មី ដែលត្រូវបានធ្វើតេស្តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១»។ លោក Kishi ក៏បានបន្ថែមដែរថា ការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង ស្របពេលដែលនៅប្រទេសអ៊ុយក្រែនឯណោះ កំពុងបន្តទទួលរងការឈ្លានពាន គឺជាទង្វើមិនអាចទទួលយកបានឡើយ៕