(គីតូ)៖ រដ្ឋាភិបាលអេក្វាទ័រ បានរាយការណ៍ឱ្យដឹងថា អ្នកទោសរាប់សិបនាក់ ត្រូវបានសម្លាប់ក្នុងកំលុងពេលកុបកម្ម កាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ខណៈដែលក្រុមអ្នកលេងបានប៉ះទង្គិចគ្នានៅពន្ធនាគារមួយកន្លែង ដែលស្ថិតក្នុងទីក្រុង សាន់តូ ដូមីនហ្គោ (Santo Domingo) ប្រទេសអេក្វាទ័រ ខណៈវាជាការផ្ទុះអំពើហិង្សាក្នុងពន្ធនាគារចុងក្រោយបង្អស់ ដែលបានអង្រួនប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាទ័រ លោក ផាទ្រីស៉ីអូ ខារីឡូ (Patricio Carrillo) បានគូសបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា អ្នកទោសចំនួន ១០៨នាក់ នៅបន្តរួចខ្លួនដដែល ខណៈ១១២នាក់ទៀត ត្រូវបានចាប់យកមកវិញ បន្ទាប់ពីពួកគេបានរត់គេចខ្លួន។ អាជ្ញាធរ បានរាយការណ៍ឱ្យដឹងថា កុបកម្មបានផ្ទុះឡើង បន្ទាប់ពីមេដឹកនាំក្រុមបងធំម្នាក់ ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារ បេឡាវីស្តា (Bellavista) ដែលស្ថិតក្នុងទីក្រុង Santo Domingo ទៅតាមបញ្ជារបស់តុលាការ ដែលប្រហែលជាមូលហេតុ បង្កឱ្យមានភាពចលាចលនេះ។ លោក Carrillo បានបន្ថែមថា អ្នកទោសចំនួន ៤៣នាក់បានស្លាប់។ ពួកគេភាគច្រើន ត្រូវបានចាក់សម្លាប់។

គួរបញ្ជាក់ថា ករណីកុបកម្ម គឺជាឧប្បត្តិហេតុចុងក្រោយ នៃអំពើហិង្សានៅក្នុងពន្ធនាគារប្រទេសអេក្វាទ័រ ដែលរដ្ឋាភិបាលចាត់ទុកថា ជាការប្រយុទ្ធគ្នារវាងក្រុមអ្នកលេង ជុំវិញការដណ្ដើមគ្នាគ្រប់គ្រងទឹកដី និងផ្លូវជួញដូរគ្រឿងញៀន។ កាលពីឆ្នាំមុន អ្នកទោសចំនួន ៣១៦នាក់ បានស្លាប់ក្នុងកំលុងពេល កុបកម្មនៅក្នុងពន្ធនាគារផ្សេងៗគ្នា នៅទូទាំងប្រទេសអេក្វាទ័រ៕