(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ការបង្ហាញក្តីបារម្ភរបស់ក្រុមប្រទេស G7 ជុំវិញដំណើរការជ្រើសរើសមេដឹកនាំថ្មី របស់ហុងកុង គឺជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រទេស G7 បានគូសបញ្ជាក់អំពីក្តីបារម្ភជាខ្លាំង អំពីសេរីភាពជាមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ជាពិសេសការជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងហុងកុង ដែលផ្ទុយស្រឡះពីគោលបំណងនៃការបោះឆ្នោតជាសកល និងធ្វើឱ្យខូចដល់សិទ្ធិរបស់ប្រជាជនហុងកុង បន្ថែមទៀត ក្នុងការធ្វើការសម្រេចចិត្តជ្រើសរើសមេដឹកនាំរបស់ពួកគេ។

ប៉ុន្តែ លោក ចៅ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «បណ្តាប្រទេស និងស្ថាប័នលោកខាងលិច មួយចំនួនបានគប់គិតគ្នា ដើម្បីបំពុលដោយចេតនាលើការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ទីក្រុងហុងកុង ដែលនេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ហើយចិនត្រូវតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោសយ៉ាងខ្លាំង»។ លោកបន្ថែមថាប្រទេសទាំងនោះមិនបានយកចិត្តទុកដាក់ចំពោះភាពប្រសើរឡើង នៃលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងទេ។

គួរបញ្ជាក់ថា លោក ចន លី (John Lee) ទទួលបានការគាំទ្រឲ្យក្លាយជាមេដឹកនាំរបស់ហុងកុង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈតំបន់រដ្ឋបាលពិសេស ចិនមួយនេះ កំពុងព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយភាពចលាចលនយោបាយជាច្រើនឆ្នាំ។ លោក លី ដែលជាអតីតមេប៉ូលិសហុងកុង គឺជាបេក្ខភាព តែម្នាក់គត់ដែលទទួលបានការគាំទ្រទីក្រុងប៉េកាំង។ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 រួមមានបារាំង, អាល្លឺម៉ង់, កាណាដា, អ៉ីតាលី, ជប៉ុន, អង់គ្លេស និងសហរដ្ឋអាមេរិក៕