(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាឌឺន (Jacinda Ardern) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកស្រី នឹងបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុង ចាប់ពីវេលាម៉ោង ១១៖៥៩នាទីយប់ ថ្ងៃទី៣១ ខែកក្កដាខាងមុខនេះតទៅ ខណៈកប៉ាល់ទេសចរណ៍ ក៏ត្រូវបានស្វាគមន៍ឱ្យត្រលប់មកកំពង់ផែក្នុងស្រុកវិញ នៅថ្ងៃដដែលនោះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ការបើកព្រំដែនឡើងវិញនៅដំណាច់ខែកក្កដាខាងមុខនេះ គឺលឿនជាង ២ខែនៃផែនការរបស់រដ្ឋាភិបាល ហើយនឹងមានន័យថាភ្ញៀវទេសចរដែល ត្រូវការទិដ្ឋាការ នឹងអាចធ្វើដំណើរមកកាន់ប្រទេសនូវែលសេឡង់បានហើយ។

លោកស្រី Ardern បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយនៅទីក្រុងអកលែនដ៍ (Auckland) ថាការបើកព្រំដែនឡើងវិញ នឹងជួយសម្រាលការខ្វះខាត កម្មករជំនាញបន្ទាន់ ក៏ដូចជាជួយដល់ការបើកវិស័យទេសចរណ៍ឡើងវិញ និងជួយរៀបចំការកំណត់អន្តោប្រវេសន៍ឱ្យមានជំហសុវត្ថិភាពជាងមុនផងដែរ។

លោកស្រី Ardern បានបន្ថែមថា «យើងកំពុងកសាងផែនការដែលបានបង្ហាញឱ្យឃើញរួចហើយ ដើម្បីធានាបាននូវអនាគតសេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់»