(ម៉ានីល)៖ កូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវដល់អន្តរជាតិថា កុំទាន់វាយតម្លៃចំពោះរូបលោក ដោយផ្អែកលើអតីតកាលនៃគ្រួសាររបស់លោក គឺគួររង់ចាំមើលអាណត្តិកាន់អំណាច របស់លោកជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដែលច្រើនជាងគូប្រជែងប្រកៀកប្រកិតជាងគេ គឺអនុប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ២ដងឯណោះ។

បើតាមអ្នកនាំពាក្យរបស់លោក Marcos រូបលោកបានប្រាប់ពិភពលោកយ៉ាងដូច្នេះថា «កុំវាយតម្លៃខ្ញុំ តាមរយៈអ្នកជំនាន់មុនរបស់ខ្ញុំ គឺគួរតែតាមរយៈសកម្មភាព... តាមទង្វើរបស់ខ្ញុំផ្ទាល់។ នេះគឺជាជ័យជម្នះរបស់ប្រជាជនហ្វីលីពីនទាំងអស់ និងសម្រាប់លទ្ធិប្រជាធិបតេយ្យ»

គួរបញ្ជាក់ថា លោក Marcos បានរត់ភៀសខ្លួនទៅកាន់រដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ជាមួយគ្រួសារលោក កាលពីកំលុងការធ្វើបដិវត្តន៍ «អំណាចប្រជាជន» ឆ្នាំ១៩៨៦ ដែលបានបិទបញ្ចប់សម័យកាលដឹកនាំ រយៈពេល២០ឆ្នាំ របស់ឪពុកលោក។ ចាប់តាំងពីលោកបានត្រឡប់មកកាន់ ប្រទេសហ្វីលីពីនវិញ នៅឆ្នាំ១៩៩១ លោកធ្លាប់បានកាន់តួនាទីជា សមាជិកសភា និងព្រឹទ្ធសភា៕