(កៀវ)៖ លោក លីអូនីដ ក្រាវឈុក (Leonid Kravchuk) ដែលជាប្រធានាធិបតីដំបូងបំផុតរបស់ប្រទេសអ៊ុយក្រែន ទើបតែបានទទួល មរណភាពកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងវ័យ៨៨ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហៅដំណឹងខាងលើថា ជាដំណឹងគួរជាទីសោកសៅ។ លោក ហ្សេលេនស្គី បានចូលរួមសម្តែងការគោរពដល់ Kravchuk តាមរយៈការថ្លែងយ៉ាងដូច្នេះថា «Leonid ដឹងច្បាស់ពីតម្លៃនៃសេរីភាព។ ពេញក្នុងបេះដូងរបស់លោក គឺលោកចង់បានសុខសន្តិភាពសម្រាប់អ៊ុយក្រែន។ ខ្ញុំច្បាស់ថា យើងនឹងរួមគ្នាបំពេញក្តីស្រមៃរបស់ លោក តាមរយៈការសម្រេចឱ្យបាននូវជ័យជម្នះ និងសន្តិភាពនៅក្នុងសម័យយើងផ្ទាល់»

គួរបញ្ជាក់ថា លោក Leonid Kravchuk ត្រូវគេចាត់ទុក ជាបុគ្គលដ៏សំខាន់មួយរូប នៅក្នុងចលនាទាមទារឯករាជ្យរបស់អ៊ុយក្រែន កាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៨០ ចំពោះមុខការដួលរំលំនៃសហភាពសូវៀត។ បន្ទាប់មកលោក ក៏បានក្លាយជាប្រធានាធិបតីទី១ របស់អ៊ុយក្រែន នៅពេលប្រទេសនេះប្រកាសឯករាជ្យ នៅឆ្នាំ១៩៩១៕