(ឌូបៃ)៖ មហាក្សត្ររបស់ប្រទេសកាតា នឹងយាងទៅកាន់ទីក្រុងតេហេរ៉ង់ (Tehran) នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ (IRNA) នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

IRNA បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់ព្រះចៅ តាមីន ប៊ីន ហាមេដ អាល់ ថានី (Tamim bin Hamad al-Thani) ទៅកាន់អ៊ីរ៉ង់ គឺដើម្បីតាមដានកិច្ចព្រមព្រៀងថ្មីៗ និងពង្រឹងទំនាក់ទំនង ទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការ លើការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ មហាក្សត្រកាតា នឹងទៅកាន់ប្រទេសអ៊ីរ៉ង់ ក្រោយមកគឺអាល្លឺម៉ង់, អង់គ្លេស និង ប្រទេសអឺរុបដ៏ទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការស្តារ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និងបញ្ហាសន្តិសុខថាមពលនៅអឺរ៉ុប៕