(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី៩ ខែឧសភានេះ បានអះអាងថាយន្ដហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់រុស្ស៉ីបានបាញ់មីស៊ីល ល្បឿនលឿនជាងសំឡេងចំនួន ៣គ្រាប់ លើទីក្រុងកំពង់ផែអូដេសា (Odesa) ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះមិនមែនជាលើកទីមួយឡើយ ដែល រុស្ស៉ីប្រើមីស៊ីលស៊េរីទំនើបនេះ ដោយកាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ទីក្រុងមូស្គូក៏បានឱ្យដឹងដែរថាកងកម្លាំងរបស់ខ្លួនបានប្រើមីស៊ីលល្បឿនលឿន ជាងសំឡេង គីនហ្សាល់ (Kinzhal) វាយប្រហារលើគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ហើយនេះធ្វើឱ្យរុស្ស៉ីក្លាយជាប្រទេសដំបូងគេដែលបានប្រើអាវុធ ប្រភេទនេះនៅលើសមរភូមិសង្រ្គាមជាក់ស្ដែង។

ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលពីខែមីនាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) មិនបានចាប់អារម្មណ៍ខ្លាំងពីប្រសិទ្ធភាពនៃមីស៊ីល Kinzhal នេះទេ ខណៈក្រសួងការពារជាតិអង់គ្លេស ធ្លាប់បានកត់សម្គាល់ថាមីស៊ីល Kinzhal គឺគ្រាន់តែ ជាប្រភេទមីស៊ីលបាញ់ពីលើអាកាសកំណែថ្មី នៃមីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander (SRBM) ដែលរុស្ស៉ីធ្លាប់បានប្រើជាច្រើនលើក ក្នុងសង្រ្គាមអ៊ុយក្រែន តែប៉ុណ្ណោះ។ ម្លោះហើយតើហេតុអ្វីបានជារុស្ស៉ីប្រើមីស៊ីលល្បឿនលឿនសំឡេង? ហើយតើមីស៊ីលនេះពិតជាអាចជួយឱ្យកងទ័ពរុស្ស៉ី កែខៃស្ថានការណ៍ សង្រ្គាមសព្វថ្ងៃបានដែរឬទេ បន្ទាប់ពីត្រូវបានគេមើលឃើញបានបរាជ័យក្នុងសង្រ្គាមដំណាក់កាលទី១ ដោយមិនអាចវាយយកទីក្រុងកៀវ?

* អ្វីទៅជាមីស៊ីលល្បឿនលឿនជាងសំឡេង?
មីស៊ីលល្បឿនលឿនជាងសំឡេង ឬ hypersonic missiles ត្រូវបានគេស្គាល់ជាទូទៅថាជាប្រភេទមីស៊ីលដែលអាចហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង។ រុស្ស៉ី, ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង hypersonic glide vehicle ឬហៅកាត់ថា HGV ជាអាវុធដែលប្រព័ន្ធមីស៊ីលធម្មតាស្ទើរតែមិនអាចស្ទាក់ចាប់ ឬបញ្ឈប់វាបាន។ រុស្ស៉ីត្រូវបានគេជឿជាក់ថាមានអាវុធ HGV ក្នុង ឃ្លាំងអាវុធរបស់ខ្លួន នោះគឺមីស៊ីលល្បឿនលឿនជាងសំឡេង អាវ៉ាន់ហ្កាត (Avangard) ដែលលោក វ្ល៉ាឌីមៀ ពូទីនកាលពីឆ្នាំ២០១៨ ហៅថាជាអាវុធបង្ក គ្រោះថ្នាក់បំផុតដល់ប្រព័ន្ធការពារដែនអាកាសរបស់បណ្ដាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ។

ប៉ុន្តែ មីស៊ីល Kinzhal មិនមែនជាប្រភេទអាវុធបច្ចេកវិទ្យាហោះសំកាំង HGV នោះទេ ដោយគ្រាន់តែវាមានភាពងាយស្រួលក្នុងការបញ្ជាជាងប្រព័ន្ធមីស៊ីល ចល័តនៅលើដី ដូចជាប្រព័ន្ធមីស៊ីល Iskander តែប៉ុណ្ណោះ។ ពោលគឺ Kinzhal អាចបំពាក់លើយន្ដហោះចម្បាំង MiG-31 និងអាចបាញ់ចេញពីគ្រប់ទិស។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា «យន្ដហោះចម្បាំងស៊េរី MiG-31K អាចបើកការវាយប្រហារចេញពីគ្រប់ទិស ហើយការបំពាក់មីស៊ីលល្បឿនលឿន ជាងសំឡេងនៅលើយន្ដហោះចម្បាំង គឺងាយស្រួលគេចពីការវាយប្រហារ ជាជាងមីស៊ីលចល័តនៅលើដីដូចជា Iskander»។

* តើអ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាស ដែរ ឬទេ?
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសជាច្រើនឱ្យអ៊ុយក្រែន។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីខែមីនា ប្រព័ន្ធមីស៊ីលដែលត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលសម័យសូវៀត SA-8, SA-10, SA-12 និង SA-14 ហើយស្លូវ៉ាគីដែលជាសមាជិក NATO ក៏បានបញ្ជូនប្រព័ន្ធមីស៊ីល S-300 ឱ្យទីក្រុងកៀវ ផងដែរ។

ចំណែកឯ ចក្រភពអង់គ្លេស កាលពីខែមេសាកន្លងទៅនេះបានសន្យាបញ្ជូនអាវុធមានទំហំទឹកប្រាក់ ១២៣លានដុល្លារ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល ប្រឆាំងយន្ដហោះចម្បាំង ខណៈអាល្លឺម៉ង់បានអះអាងថាខ្លួននឹងផ្គត់ផ្គង់រថក្រោះប្រឆាំងយន្ដហោះចម្បាំង ៥០គ្រឿងឱ្យអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក កំពុងត្រៀមកញ្ចប់ថវិកាដល់ទៅ ៤០ពាន់លានដុល្លារ រួមបញ្ចូលទាំងអាវុធប្រឆាំងយន្ដហោះចម្បាំងសម្រាប់អ៊ុយក្រែន។

* ហេតុអ្វីបានជាលោក ពូទីន ប្រើប្រាស់មីស៊ីល Kinzhal?
ក្រុមមន្ត្រីអាមេរិក កាលពីខែមីនាកន្លងទៅ បាននិយាយថាការប្រើប្រាស់មីស៊ីល Kinzhal ក្នុងការវាយប្រហារលើយោធាអ៊ុយក្រែន គឺជាការធ្វើតេស្ដជាក់ស្ដែង ហើយក៏ជាសារព្រមានមួយផ្ញើទៅកាន់បណ្ដាប្រទេសលោកខាងលិច ដើម្បីបង្ហាញពីសមត្ថភាពយោធារុស្ស៉ីផងដែរ។ ប៉ុន្តែ ការប្រើមីស៊ីលនេះនៅពេលនោះ ធ្វើឡើងនៅចំពេលដែលកងទ័ពរុស្ស៉ី ត្រូវបានគេរាយការណ៍ថាបានបរាជ័យក្នុងការវាយសម្រុកចូលទីក្រុងកៀវ។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ អង់គ្លេស ក៏បានសន្និដ្ឋានដែរថារុស្ស៉ីប្រើមីស៊ីលល្បឿនលឿនជាងសំឡេង ដើម្បីបង្វែរចំណាប់អារម្មណ៍ និងមានបំណងប៉ះប៉ូវឡើងវិញនូវការខកខាន ទាំងឡាយកាលពីកំលុងសង្រ្គាមដំណាក់កាលទី១។

គួរបញ្ជាក់ថា កាលពីចុងខែមីនា, ក្រុមមន្ត្រីអាមេរិកបានប្រាប់ទូរទស្សន៍ CNN ថាសហរដ្ឋអាមេរិកបានវាយតម្លៃថាកងកម្លាំងរុស្ស៉ីកំពុងប្រឈមមុខនឹង ការថយចុះ នៃមីស៊ីលគ្រូសនៅក្នុងឃ្លាំងស្ដុកអាវុធរបស់ខ្លួន ហើយរុស្ស៉ីកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់មីស៊ីលគ្រូស ដោយជំនួសការប្រើមីស៊ីល Kinzhal ដែលអាចវាយប្រហារចំគោលដៅចំៗ ទុកជាការធ្វើតេស្ដជាក់ស្ដែងផង និងជាសារព្រមានលោកខាងលិចផង៕

ប្រភព៖ CNN (ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២)