(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោក និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជាមួយរុស្ស៉ី ជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន ខណៈដែលជម្លោះនៅតែ បន្ត ហើយការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ កាន់តែមានភាពតឹងរ៉ឹងឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen), ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) និងលោក Kishida បានថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងតូក្យូថា នឹងបន្តការពិភាក្សាអំពីមធ្យោបាយក្នុងការបង្កើនភាពជាដៃគូ ដើម្បីដោះស្រាយជាមួយរុស្ស៉ីលើវិស័យនានា ដូចជាថាមពលជាដើម។

លោកស្រី von der Leyen បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំដូច្នេះថា «យើងស្វាគមន៍ចំពោះជំហរដ៏រឹងមាំ ដែលជប៉ុនកំពុងប្រកាន់យក ប្រឆាំងនឹងរុស្ស៉ី»។ ទីក្រុងតូក្យូ បានចូលរួមជាមួយសហភាពអឺរ៉ុប និងក្រុមប្រទេស G7 ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ី ក្នុងគោលដៅបង្អាក់ សមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការនាំចេញប្រេង និងឧស្ម័ន។

គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំកំពូលទាំង៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ធ្វើឡើងនៅឯសន្និសីទប្រចាំឆ្នាំមួយ ដែលកន្លងមកត្រូវបានប្រារព្ធឡើង តាមប្រព័ន្ធអនឡាញ ដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19៕