(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោកនឹងតែងតាំងនាយករដ្ឋមន្រ្តី ក៏ដូចជារៀបចំគណៈរដ្ឋមន្រ្តីថ្មី នៅសប្តាហ៍នេះ ក្រោយពីអតីតនាយករដ្ឋមន្រ្តី លោក ម៉ាហ៊ីនដា រ៉ាចាបាកសា (Mahinda Rajapaksa) លាលែងពីតំណែង បន្ទាប់ពីផ្ទុះអំពើហិង្សាក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្គោតាបាយ៉ា បានគូសបញ្ជាក់ថា «ខ្ញុំកំពុងចាត់វិធានការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន និងការពារប្រទេសមិនឲ្យធ្លាក់ក្នុងភាពអនាធិបតេយ្យ ក៏ដូចជារក្សាកិច្ចការរបស់រដ្ឋាភិបាលក្នុងអាណត្តិអតីតនាយករដ្ឋមន្រ្តី»។ លោកបន្ថែមថា នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្រ្តីថ្មីនេះ នឹងគ្រប់គ្រងសំឡេងភាគច្រើនក្នុងសភា ដែលមាន២២៥អាសនៈ ហើយលោក នឹងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីផ្តល់អំណាចបន្ថែមដល់សភា។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ត្រូវបានប្រកាស ក្រោយពីទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសស្រីង្កា និយាយថានឹងលាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខនេះ ប្រសិនបើមិនមានការស្តារស្ថិរភាពនយោបាយឡើងវិញ ដើម្បីបញ្ចប់ភាពចលាចលក្នុងប្រទេសនោះ៕