(ណៃពិដោ)៖ រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា នឹងបើកឲ្យភ្ញៀវទេសចរ ដាក់ពាក្យសុំធ្វើទិដ្ឋាការឡើងវិញ ក្រោយពីរបិទរយៈពេលជាង២ឆ្នាំ ខណៈដែលក្រុមសកម្មជនអំពាវនាវដល់ជនបរទេស ចៀសវាងការធ្វើដំណើរចូលមកកាន់ប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងថាសកម្មភាពបែបនេះ គឺជាការគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយយោធា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។
បើតាមកាសែតមីយ៉ាន់ម៉ា Global New Light, «ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ កម្មវិធី e-Visa (Tourist) ដែលផ្តល់ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ត្រូវបានបើក ហើយនឹងទទួលយក ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២តទៅ»។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាដែលភ្ញៀវទេសចរ នឹងមកដល់ប្រទេសមីយ៉ាន់ម៉ាឡើយ។
ដោយឡែក ក្រុមសកម្មជនបានព្រមានថា ផលប្រយោជន៍របស់យោធា នៅក្នុងវិស័យសេដ្ឋកិច្ច រួមមានធនាគារ, ប្រេង, កសិកម្ម និងទេសចរណ៍ មានន័យថាការចំណាយរបស់អ្នកទេសចរ នឹងជួយដល់រដ្ឋាភិបាលយោធា បើទោះបីជាពួកគេចៀសវាង ការស្នាក់នៅសណ្ឋាគារ និងមធ្យោបាយធ្វើដំណើរ ដែលគ្រប់គ្រងដោយយោធាក៏ដោយ ប៉ុន្តែពួកគេនឹងរួមចំណែកផ្តល់ឲ្យតាមរយៈថ្លៃទិដ្ឋាការ, ធានារ៉ាប់រង និង ពន្ធអាករលើតម្លៃបន្ថែមផ្សេងៗទៀត ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានបិទព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរ កាលពីខែមីនា ឆ្នាំ២០២០ នៅពេលដែលជំងឺកូវីដ ១៩ ផ្ទុះឡើងជាលើកដំបូង ដើម្បីការពារការឆ្លងរាលដាល ហើយការបិទ បានបន្តដោយសារតែការធ្វើរដ្ឋប្រហារផ្តួលរំលំអតីតមេដឹកនាំ គឺលោកស្រី អោង សានស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១៕