(ហ្សឺណែវ)៖ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី មីឆែល បាឆេឡេត (Michelle Bachelet) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សាកសពមនុស្សចំនួន១,០០០នាក់ ត្រូវបានរកឃើញ ក្នុងតំបន់នៃរដ្ឋធានីកៀវ របស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ហើយករណីរំលោភបំពានជាច្រើន ដែលកំពុងស្ថិតក្រោមការផ្ទៀងផ្ទាត់ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានមកនោះ អាចត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

លោកស្រី បាឆេឡេត បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមប្រព័ន្ធអនឡាញ យ៉ាងដូច្នេះថា «ទំហំនៃការសម្លាប់ដោយខុសច្បាប់ រួមទាំងសញ្ញានៃសកម្មភាពសម្លាប់រង្គាល នៅតាមតំបន់ភាគខាងជើង នៃទីក្រុងកៀវ គឺគួរឲ្យតក់ស្លុតជាខ្លាំង»។ នៅពេលនេះក្រុមប្រឹក្សាសិទ្ធិមនុស្ស UN កំពុងធ្វើការសម្រេចចិត្ត ថាតើនឹងបើកការស៊ើបអង្កេតជាផ្លូវការ ចំពោះហេតុការណ៍ដែលបានកើតឡើង ក្នុងទីក្រុងកៀវ រួមទាំងតំបន់ផ្សេងទៀត កាលពីខែកុម្ភៈ និងខែមីនា ដែរឬយ៉ាងណា។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ទីក្រុងមូស្គូបានបដិសេធលើការសម្លាប់ជនស៊ីវិល ហើយហៅសកម្មភាពរបស់ខ្លួន ថាជាប្រតិបត្តិការយោធាពិសេស ដើម្បីរំសាយអាវុធ និងកម្ចាត់ចោល នូវចលនាជាតិនិយមប្រឆាំងរុស្ស៉ី ដែលបំផុសឡើងដោយលោកខាងលិច។ យ៉ាងណាក្តី ហៅទង្វើរបស់រុស្ស៉ីថា ជាការឈ្លានពានដោយមិនសមហេតុ៕