(កូឡុំបូ)៖ តុលាការនៅក្នុងប្រទេសស្រីលង្កា នៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចហាមឃាត់អតីតនាយករដ្ឋមន្ត្រី លោក ម៉ាហ៉ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) រួមទាំងកូនប្រុសឈ្មោះ ណាម៉ាល់ (Namal) និងសហការីរបស់ខ្លួនចំនួន១៥រូបចេញពីប្រទេស ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ជុំវិញករណីអំពើហិង្សាលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន តុលាការនៃរដ្ឋធានីកូឡុំបូ បានបញ្ជាឱ្យប៉ូលិសបើកការស៊ើបអង្កេតលើភាពចលាចលកាលពីថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ ជុំវិញករណីមនុស្សមួយក្រុមបានវាយប្រហារលើក្រុមបាតុករ រហូតដល់បង្កឱ្យមានការសងសឹក និងអំពើហិង្សាដែលបានផ្ដាច់ជីវិតមនុស្ស ៩នាក់, ជាច្រើននាក់រងរបួស ព្រមទាំងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក មន្ត្រីតុលាការស្រីលង្កាម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្នុងញាត្តិមួយដាក់ជូនតុលាការ ក៏មានការស្នើឱ្យចេញដីកា ចាប់ខ្លួនលោក Rajapaksa និងសហការីរបស់លោកជាច្រើននាក់ផងដែរ ដែលត្រូវបានចោទប្រកាន់ថាបានដឹកមនុស្សប្រហែលជា ៣,០០០នាក់ ចូលក្នុង រដ្ឋធានី ហើយបញ្ជាឱ្យពួកគេវាយប្រហារលើក្រុមបាតុករ។ ប៉ុន្តែ តុលាការមិនបានទទួលយកញាត្តិនេះទេ ដោយបានបញ្ជាក់ថាស្ថានប័នប៉ូលិសមាន អំណាចពេញលេញក្នុងការឃុំ ឬចាប់ខ្លួនជនសង្ស័យណាម្នាក់។

គួរបញ្ជាក់ថា លោក Rajapaksa មានអាយុ ៧៦ឆ្នាំ ត្រូវបានគេរាយការណ៍ថាកំពុងស្នាក់នៅឯមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ស្ថិតនៅឆ្នេរភាគខាងកើត នៃប្រទេស បន្ទាប់ពីលោកត្រូវបានទាហានជម្លៀសចេញពីផ្ទះរបស់លោកក្នុងរដ្ឋធានីកូឡំបូ ដែលរងការវាយប្រហារពីសំណាក់ក្រុមបាតុករ។ ជាមួយគ្នាដែរ កូនប្រុសរបស់លោក គឺលោក ណាម៉ាល់ កាលពីថ្ងៃពុធសប្ដាហ៍នេះបានអះអាងថាគ្រួសារ Rajapaksa នឹងមិនចាកចេញពីប្រទេសស្រីលង្កាឡើយ៕