(វ៉ាស៉ីនតោន)៖ របាយការណ៍ចុងក្រោយពីទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ UN បានបង្ហាញឱ្យឃើញថា មកទល់ពេលនេះ ជនភៀសខ្លួនកើនដល់ជាង ៦លាននាក់ហើយ ដែលបានរត់ចេញពីប្រទេសអ៊ុយក្រែន គិតតាំងពីការឈ្លានពានរបស់រុស្ស៉ី បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ខាងលើ មនុស្សសរុបចំនួន ៦,០២៩,៧០៥នាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន គិតត្រឹមថ្ងៃទី១១ ខែឧសភា។ ភាគច្រើននៃពួកគេបានរត់ទៅកាន់ បណ្តាប្រទេសជិតខាងរបស់អ៊ុយក្រែន មុនពេលបន្តដំណើរទៅគោលដៅបន្ទាប់ទៀត ហើយប៉ូឡូញជាប្រទេស ដែលមានជនភៀសខ្លួនអ៊ុយក្រែនជ្រកកោនច្រើនជាងគេ។

យ៉ាងណាមិញ លំហូរជនភៀសខ្លួនប្រចាំថ្ងៃ នៅតាមព្រំប្រទល់អ៊ុយក្រែន បានថយចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ បើក្រឡេកទៅមើល កាលពីខែមីនាតែឯងប៉ុណ្ណោះ ប្រជាជនអ៊ុយក្រែនជិត៣.៤លាននាក់ បានរត់ចេញពីប្រទេសរបស់ពួកគេ ខណៈតួលេខនេះ បានថយមកនៅត្រឹម១.៥លាននាក់ កាលពីមេសា។

គួរបញ្ជាក់ថា ជាមួយគ្នានេះ មនុស្ស៨លាននាក់ផ្សេងទៀត ក៏បានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ផងដែរ៕