ចិនបោះឆ្នោតជំទាស់ នឹងការស៊ើបអង្កេតរបស់ UN ចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន (Video inside)
13-05-2022 11:34
(ហ្សឺណែវ)៖ ប្រទេសចិនបានបោះឆ្នោតជំទាស់នឹងការស៊ើបអង្កេត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អំពីឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមាន នៅភាគខាងជើងអ៊ុយក្រែន ដោយលើកឡើង ពីការព្រួយបារម្ភថាការស៊ើបអង្កេតនេះ គឺមានហេតុផលនយោបាយ។ នេះបើយោងតាមដកស្រង់ផ្សាយ ចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
មន្រ្តីទូតកំពូលរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក ចេន ស៊ូ (Chen Xu) បានថ្លែងយ៉ាងដូច្នេះថា «យើងបានកត់សម្គាល់ឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នយោបាយប្រឈមមុខដាក់គ្នាក្នុងក្រុមប្រឹក្សានេះ មានការកើនឡើង ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត, ភាពមិនលំអៀង និងសាមគ្គីភាព»។ លោកបន្ថែមថា «ការស៊ើបអង្កេតជាក់ស្តែង នឹងរួមបញ្ចូលតែការចោទប្រកាន់ប្រឆាំងនឹងរុស្ស៉ីប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក ចេន ធ្វើឡើងមុនពេល ក្រុមប្រឹក្សាសិទ្ធិមនុស្សបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីអនុម័តលើដំណោះស្រាយដែលអំពាវនាវឲ្យមានការស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន ខណៈដែលឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា សមូហភាពលោកខាងលិច កំពុងរៀបចំផ្លូវនយោបាយ ដើម្បីធ្វើឲ្យរុស្ស៉ីចុះខ្សោយ ច្រើនជាងលើកឡើងពីមូលហេតុពិតប្រាកដនៃវិបត្តិអ៊ុយក្រែន ហើយរកមធ្យោបាយដោះសា្រយបញ្ហាទាំងនោះ៕